ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែឧសភា សម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោកថោង សារ៉ាត់ ជាមេខ្លោង ។
លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុន ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា