ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បញ្ជាកម្លាំងជំនាញរដ្ឋបាលជលផលខេត្ត ដោយសហការជាមួយនគរបាលស្រុកស្ទោង បានចុះបង្ក្រាបទីតាំងផ្ទះផលិតក្បាលអាំងម៉ូទ័រ ហៅថាដុំភ្លើងឆក់ត្រីចំនួន២កន្លែង ស្ថិតនៅភូមិក្តី ឃុំកំពង់ចិនត្បូង និងភូមិក្រសាំងជ្រុំ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន កម្លាំងរដ្ឋបាលជលផលខេត្ត ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក មាសវឌ្ឍនា ព្រះរាជអាជ្ញារង កំពង់ធំបានចុះឆែករកឃើញវត្ថុតាងនៅចំនុចទីតាំង២កន្លែង គឺមានក្បាលដុំឆក់ចំនួន១៤គ្រឿងនិងឃាត់ខ្លួន ម្ចាស់ផ្ទះជាអ្នកផលិតផ្ទាល់ចំនួន២នាក់ បញ្ជូនទៅសាកសួរនៅខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ដើម្បីបំពេញបែបបទតាមនីតិវិធី បញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ពួកគេទើបតែផលិត ក្បាលដុំភ្លើងឆក់នេះបានជាង១ឆ្នាំទេ ហើយក្បាល់ឆក់នីមួយៗ បានលក់ចេញក្នុងតម្លៃ១៥ម៉ឺនរៀល តែបើលក់ដុំឲ្យម៉ួយទិញច្រើនៗ យកទៅលក់បន្តនោះ គឺលក់តែតម្លៃ១២ម៉ឺនរៀលប៉ុណ្ណោះ ។
សមត្ថកិច្ចជំនាញបានបន្តឲ្យដឹងថា យោងតាមច្បាប់បទល្មើសជលផល នៃមាត្រា១០០ បទល្មើសថ្នាក់លេខ១ ត្រូវទោសពី១ឆ្នាំទៅ៣ឆ្នាំឬពិន័យជាប្រាក់ ពី៥លានរៀល ទៅ៥០លានរៀល ។ ជាមួយគ្នានេះ លោកអ៊ិត សុធា ព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំបានធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ។
គួររំលឹកថា បច្ចប្បន្នបទល្មើសនេសាទនៅខេត្តកំពង់ធំ កំពុងតែកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ ជាពិសេសបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រី មានច្រើនជាងគេ ៕ ប៊ុន រិទ្ធី