ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន អាកាស ថ្មើរជើង២ខ្សែ និងផ្លូវអមសងខាងផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖ ដោយសារកំណើនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្លូវជាតិលេខ៤ ក៏ដូចជាអ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបើកពិធីប្រកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវប្រវែង៤០០ម៉ែត្រ នៃផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវបំបែកកប់ស្រូវ ប្រវែង ១.៧៥០ម៉ែត្រ និងស្ពានអាកាស ថ្មើរជើង២ទីតាំង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោកសាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន ឲ្យ ដឹង ទៀតថា ដោយមានបញ្ហាចម្ងល់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើងនៅផ្លូវជាតិលេខ៤ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការបំភ្លឺជូនសាធារណជនថា ការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមាន បញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាញបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ។

បញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជាបណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ប្រជាពលរដ្ឋជារឿងសំខាន់។ ករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះឬឡើង ចំពីមុខផ្ទះ កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាត ដោយសារជណ្តើរបិទមុខផ្ទះប្រជាពលរដ្ឋ។

ផ្លូវក្រៅសងខាង សម្រាប់តែយានយន្តចេញ និងចូលផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ ដោយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវបត់ទៅគន្លងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿនគ្មានឧបសគ្គ។

ផ្លូវរថត្រង់នឹងគន្លងជណ្តើរស្របផ្លូវនេះយើងបង្កើតបានចំណត រថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ ទីតាំងនេះបើដោះស្រាយបញ្ហាចំណតមិនបាន ការកកស្ទះចរាចរ ច្បាស់ជាកើតមានដដែល។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅ ដែលពេលនោះតំបន់ចោមចៅពិត ជាអាចដោះស្រាយបាននូវលំហូរចរាចរបានល្អប្រសើរ មិនកកស្ទះចរាចរដូចបច្ចុប្បន្នឡើយ។ ជាវិធានការណ៍ ក្នុងការដោះស្រាយការកកស្ទះចរាចរ សម្រាប់ច្រកចេញក្រៅក្រុងបន្ថែមទៀត ដែលការអភិវឌ្ឍអនុវត្តន៍បានជោគជ័យ នូវយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិ វង្ស អភិបាល រាជធានី ភ្នំពេញ បានមាន ប្រសាសន៍ថា ការពង្រីក កំណាត់ ផ្លូវជាតិ លេខ ៤ និង គម្រោង ស្ថាបនា ស្ពាន អាកាស ថ្មើ ជើង ខាងលើនេះ ដើម្បី ដោះស្រាយ ការកកស្ទះ ចរាចរ ដែលជា បញ្ហា ប្រឈម របស់ អាជ្ញាធរ ភ្នំពេញ នាពេល បច្ចុប្បន្ន ។

លោកបានថ្លែងបន្តថា ជាពិសេសទៀត ស្ពានអាកាសថ្មើរជើងទាំងពីរមានតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចៀស ចរាចរដល់ថ្មើរជើងដែលភាគច្រើនជា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ និងអាជីវករដែលរស់នៅសងខាងកំណាត់ផ្លូវនេះ។

លោកអភិបាល បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាង ផ្លូវនេះ សូមជួយថែរក្សាចិញ្ចើមផ្លូវ ក៏ដូចជាចតយានជំនិះឲ្យមានរបៀបរៀបរយនិងសូមកុំ បោះចោលសំរាម ក្នុងប្រឡាយចំហដែលជាហេតុ នាំមានការកកស្ទះ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា នេះជាស្ពានអាកាសថ្មើរជើងទី១នៅកម្ពុជា ដែលបានសាងសង់នៅលើផ្លូវជាតិលេខ៤ រួមជាមួយនឹងការពង្រីកផ្លូវពី១១ម៉ែត្រទៅ២៣ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងធ្វើចំណត រថយន្តអមសងខាងផ្លូវ ៕ សំរិត


ចែករំលែក៖