ព័ត៌មានទាន់ហេតុការណ៍៖

អាគុយ3Kកាន់ភ្លើងបានយូរហូតឆក់បុរសម្នាក់ស្លាប់កណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានចរន្តភ្លើងបំឡែងពីភ្លើងអាគុយ3Kឆក់ រហូតស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម នៅកណ្តាលវាលស្រែ ខណៈដែលបុរសរូបនេះទៅឆក់ការពារកណ្តុរចូល​ស៊ីដំណាំស្រូវរបស់ខ្លួន ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៤០​នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០១៧ ត្រង់ចំណុចស្រែប្រាំងជនរងគ្រោះ ចុងព្រែកយាយកែម ស្ថិតក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទុយ គ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុក កោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា កន្លងមកជនរងគ្រោះតែងតែទៅឆក់កណ្តុរនៅចំណុចដីស្រែប្រាំងរបស់ខ្លួន ដើម្បីកុំអោយកណ្តុរចូលស៊ីស្រូវរបស់ខ្លួន ។ លុះមកដល់ថ្ងៃកើតហេតុវេលាម៉ោង១៧ និង៣០ ជរងគ្រោះបានចេញពីផ្ទះឆ្ពោះទៅដីស្រែប្រាំងរបស់ខ្លួននៅចំណុចខាងលើ ជាមួយអ្នកភូមិ៣នាក់ទៀត ដើម្បីឆក់កណ្តុរបន្តទៀតតាមដីស្រែរៀងៗខ្លួន រហូតដល់វេលា​ម៉ោងប្រមាណ៧យប់ថ្ងៃដដែលបាត់ជនរងគ្រោះមិនឃើញ អ្នកភូមិដែលទៅឆក់កណ្តុរជាមួយ​បានដើរមកទីតាំងជនរងគ្រោះ ។

ប្រភពដដែលបានបន្តទៀតថា ពេលមកដល់មិនឃើញជនរងគ្រោះនៅក្នុងរោង ហើយ​ឃើញភ្លើងដុំឆក់លោតខុសប្លែកពីធម្មតា ក៏ប្រញ៉ាប់ដោះក្រចាប់អាគុយដើរចុះទៅមើលឃើញ​ជន​រងគ្រោះដេកដួលទៅលើខ្សែលួស ។ ភ្លាមៗនោះប្រជាពលរដ្ឋ៣នាក់ដែលទៅជាមួយបាន​លើកជនរងគ្រោះឡើងទៅលើខ្នងទំនប់ធ្វើចលនា ដើម្បីសង្រ្គោះតែមិនអាចសង្រ្គោះបានជន​រងគ្រោះបានដាច់ខ្យល់ស្លាប់ ក៏ប្រញ៉ាប់រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ច​នគរ​បាលមូលដ្ឋាន ។

សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកកោះធំបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ចរន្តភ្លើងបំឡែងពីភ្លើងអាគុយដាក់ឆក់ការពារកណ្តុរ​ចូលស៊ីស្រូវប្រាកដមែន ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានដើរតាមភ្លឺស្រែដើម្បីត្រួតពិនិ​ត្យ​ខ្សែ​​លួស ដោយពុំបានដោះក្រចាប់អាគុយ ខណៈកំពុងដើរក៏រអិលជើងដួលសង្កត់ពីលើខ្សែ​លួស ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច​នគរប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖