ភ្នំពេញ៖ ករណីហិង្សាមួយបានកើតឡើង រវាងភាគីខាងម៉ូតូរ៉ឺម៉កកង់បី និងភាគីខាងម៉ូតូ បានដេញវាយតប់គ្នាពេញដងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៦៣ក្បែរស្តុបទួលទំពូង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ញឹក បុរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅសង្កាត់ឫស្សីកែវ មានស្រុកកំណើតនៅឃុំបន្ទាយដី ខេត្តពោធិ៍សាត់ និងបើកបរម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង អត់មានស្លាក់លេខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយក្រុមមានបីទៅបួនគ្រឿង បើកបរដោយមនុស្សប្រាំពីរទៅប្រាំបីនាក់ ក្នុងនោះមានប្រុស មានស្រី បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ពេលនោះស្រាប់តែមានភាគីខាងម៉ូតូរ៉ឺម៉កកង់បីបានជិះមកពីក្រោយដោយអត់មានស្លាកលេខ បើកបរដោយបុរសរងគ្រោះម្នាក់ រួចក៏បានបើកវ៉ាជែងខាងស្តាំម៉ូតូខាងលើ ក៏ស្រាប់តែលឺសម្លេងជេរគ្នាពេញផ្លូវសាធារណៈ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបង្កជាហឹង្សាដេញវាយគ្នាពេញដងផ្លូវបណ្តាលឲ្យបុរសរងគ្រោះខាងម៉ូតូរ៉ឺម៉កកង់បីរងរបួសបែកក្បាល ។
ភ្លាមៗនោះកម្លាំងរបស់កងរាជអាវុធហ្ថតខណ្ឌចំកាមន ចុះអន្តរាគមន៍ឃាត់បានបុរស២ ដែលមិនស្គាល់ឈ្មោះ ចំណែកឯកបក្ខពួកឯទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល និងបុរសរងគ្រោះនាំខ្លួនយកទៅសាកសួរនៅបមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌចំកាមន ។
បើតាមសម្តីពីរបុរសរងគ្រោះ ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គាត់ទើបតែចេញមកពី ខាងមុខធនាគារ ក្រេឌីតដែលនៅតាមបណ្តោយផ្លូវ១៦៣ ហើយជិះបំណងទៅយកម៉ូយនៅផ្សារទំនើបអ៊ីអន់ ហើយដោយសារតែប្រញាប់ទៅយកម៉ូយ គាត់ក៏បានបើករម៉កកង់បីជែងខាងស្តាំក្រុមម៉ូតូខាងលើ រួចក៏ត្រូវក្រុមម៉ូតូស្រែកជេរ ហើយគាត់ក៏បានស្រែកឲ្យវិញថា មិនចាំបាច់ជេរ រួចគាត់ ក៏ជិះទៅមុខទៀត ស្រាប់ម៉ូតូមួយគ្រឿងមកកាក់ពីមុខបំណងរករឿង ហើយគាត់ក៏បានដកដេកតីប ចេញពីរ៉ឺម៉កយកមកការពារខ្លួន បែរជាពួកគេស្ទុះមកវាយរូបគាត់បណ្តាលឲ្យបែកក្បាលតែម្តង។
បច្ចុប្បន្នបុរសទាំងពីរត្រូវបានកម្លាំងកងរាជអាវុធហ្ថតខណ្ឌចំកាមននាំខ្លួនយកទៅសាកសួរនាំដើម្បីចាក់ការទៅតាមនីតិវិធី ៕ ភារ៉ា ដង្កោ