ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានចរន្តភ្លើងបំឡែងពីភ្លើងអាគុយ3Kឆក់ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅកណ្តាលវាលស្រែ ខណៈដែលបុរសរូបនេះទៅឆក់ការពារកណ្តុរចូលស៊ីដំណាំស្រូវរបស់ខ្លួន ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចស្រែប្រាំងជនរងគ្រោះ ចុងព្រែកយាយកែម ស្ថិតក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទុយ គ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុក កោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា កន្លងមកជនរងគ្រោះតែងតែទៅឆក់កណ្តុរនៅចំណុចដីស្រែប្រាំងរបស់ខ្លួន ដើម្បីកុំអោយកណ្តុរចូលស៊ីស្រូវរបស់ខ្លួន ។ លុះមកដល់ថ្ងៃកើតហេតុវេលាម៉ោង១៧ និង៣០ ជរងគ្រោះបានចេញពីផ្ទះឆ្ពោះទៅដីស្រែប្រាំងរបស់ខ្លួននៅចំណុចខាងលើ ជាមួយអ្នកភូមិ៣នាក់ទៀត ដើម្បីឆក់កណ្តុរបន្តទៀតតាមដីស្រែរៀងៗខ្លួន រហូតដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃដដែលបាត់ជនរងគ្រោះមិនឃើញ អ្នកភូមិដែលទៅឆក់កណ្តុរជាមួយបានដើរមកទីតាំងជនរងគ្រោះ ។
ប្រភពដដែលបានបន្តទៀតថា ពេលមកដល់មិនឃើញជនរងគ្រោះនៅក្នុងរោង ហើយឃើញភ្លើងដុំឆក់លោតខុសប្លែកពីធម្មតា ក៏ប្រញ៉ាប់ដោះក្រចាប់អាគុយដើរចុះទៅមើលឃើញជនរងគ្រោះដេកដួលទៅលើខ្សែលួស ។ ភ្លាមៗនោះប្រជាពលរដ្ឋ៣នាក់ដែលទៅជាមួយបានលើកជនរងគ្រោះឡើងទៅលើខ្នងទំនប់ធ្វើចលនា ដើម្បីសង្រ្គោះតែមិនអាចសង្រ្គោះបានជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ក៏ប្រញ៉ាប់រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកកោះធំបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ចរន្តភ្លើងបំឡែងពីភ្លើងអាគុយដាក់ឆក់ការពារកណ្តុរចូលស៊ីស្រូវប្រាកដមែន ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានដើរតាមភ្លឺស្រែដើម្បីត្រួតពិនិត្យខ្សែលួស ដោយពុំបានដោះក្រចាប់អាគុយ ខណៈកំពុងដើរក៏រអិលជើងដួលសង្កត់ពីលើខ្សែលួស ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ