ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីស្និទ្ធនឹងសាខាគយខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃបានប្រាប់ឱ្យដឹងថា ការរកចំណូលពន្ធគយរបស់សាខាគយខេត្តប៉ៃលិន រយៈពេល៣០ថ្ងៃចុងក្រោយនេះ គឺក្នុងខែមេសា ឆ្នាំ២០១៧ មានការធ្លាក់ចុះជាខ្លាំង នៅក្រោមផែនការរបស់ថ្នាក់លើបានកំណត់ ដោយ រកចំណូលបានត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ ក្នុងផែនការត្រូវរកចំណូលមិនឱ្យក្រោម៨ពាន់លានរៀលនោះឡើយ។
ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិនបែបនោះ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា គឺការប្រមូលពន្ធគយប្រចាំខែឧសភា ឆ្នាំ២០១៧ដែរ គេសន្និដ្ឋានថា នឹងបន្តធ្លាក់ចុះបន្ថែមទៀត ។ ការធ្លាក់ចុះពន្ធគយខេត្តប៉ៃលិនគេមើលឃើញថា មេគយ២នាក់ថ្មី ទើបមកកាន់តំណែងជាមេគយសាខាខេត្តគឺ លោក សំ សុវណ្ណារិទ្ធ និងលោក ទី ប៊ុនឡង់ មេគយជាប្រធានការិល័យរកចំណូលពន្ធនៅមាត់ច្រកអន្តរជាតិព្រំ ដែលជាអ្នកទទួលការខុសត្រូវ ចំពោះមុខថ្នាក់លើ។
ទន្ទឹមការធ្លាក់ចុះចំណូលពន្ធគយ ខេត្តប៉ៃលិនគួរឱ្យព្រួយបារម្ភបែបនោះ ខណៈដែលមានសេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឱ្យដឹងថា ទំនិញឆ្លងកាត់់គ្រប់ប្រភេទនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បាននាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានសកម្មភាពយ៉ាងផុសផុល ហាក់បីដូចជាគ្មានការថយចុះនោះឡើយ។
ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិន គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ។ មេគយថ្មី២នាក់ខេត្តប៉ៃលិន ដែលមានការទទួលខុសត្រូវលើបញ្ហានេះ ហាក់បីព្យាយាមគេចវេះមិនឆ្លើយបកស្រាយឱ្យបានក្បោះក្បាយជាមួយអ្នកសារព័ត៌មាន ជុំវិញការចោទសួរនៃការធ្លាក់ចុះចំណូលពន្ធគយនោះ ។
ការធ្លាក់ចុះចំណូលពន្ធគយខេត្តប៉ៃលិននោះដែរ ក៏ត្រូវគេមើលឃើញថា បានបង្កឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែបានជម្រុញ និងដាក់ផែនការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើយ៉ាងណាត្រូវតែខិតខំប្រមូលពន្ធគយឱ្យមានការកើនឡើងជានិច្ច ។ ពីព្រោះថា ការបើក និងតំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងការកសាងអភិវឌ្ឍន៍ប្រទេស ក៏បានពឹងផ្អែកមួយផ្នែកធំទៅលើថវិកាពីការរកចំណូលពន្ធគយនោះផងដែរ ។
មេគយថ្មី២នាក់ខាងលើ ទើបជំនួសមេគយខេត្តប៉ៃលិនចាស់ លោក ទំ ណូ និង លោក រិទ្ធគង់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ។ ប្រភពព័ត៌មានពីមន្រ្តីស្និទ្ធនឹងគយខេត្តប៉ៃលិន ឱ្យដឹងទៀតថា ការរកចំណូលពន្ធគយជំនាន់លោក ទំ ណូ អតីតប្រធានសាគយខេត្តប៉ៃលិនដែលរងការដកហូតតំណែង និង លោក រិទ្ធ គង់ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ ប្រមូលពន្ធបានលើសផែនការ រកបានចំណូលពន្ធមួយខែពី៦ពាន់លានរៀលទៅជាង៧ពាន់លានរៀល ដែលផែនការថ្នាក់លើកំណត់គឺ៥ពាន់លានរៀលប៉ុណ្ណោះ ។
ដោយឡែកបើប្រៀបធៀបក្នុងតំណាក់កាលការដឹកនាំរកចំណូលពន្ធគយរបស់ លោក សំ សុវណ្ណារិទ្ធ និងលោក ទី ប៊ុនឡង់ នាពេលបច្ចុប្បន្ន រយៈពេល៣០ថ្ងៃ ក្រោយចូលកាន់តំណែងមេគយខេត្តប៉ៃលិន គឺផែនការថ្នាក់លើឱ្យរកចំណូល១ខែយ៉ាងហោចណាស់មិនឱ្យក្រោម៨ពាន់លានរៀលនោះទេ ប៉ុន្តែសម្រាប់ខែមេសា ឆ្នាំ២០១៧ ចំណូលពន្ធគយខេត្តប៉ៃលិន បានត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ។
ការនាំឱ្យមានធ្លាក់ចុះចំណូលពន្ធគយនៅខេត្តប៉ៃលិន ត្រូវបានប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា គេដាក់ការសង្ស័យថា មេគយថ្មី២នាក់ ខេត្តប៉ៃលិន ខាងលើទំនងជាខ្វះសមត្ថភាព នៃការរកចំណូលពន្ធគយចូលរដ្ឋ មួយវិញទៀត គេដាក់ការសង្ស័យខ្លាចក្រែងការប្រមូលពន្ធមិនបានគ្រប់ បណ្តែតបណ្តោយឱ្យមានការត់ពន្ធខុសច្បាប់ច្រើន ឬគេសង្ស័យថែមទៀតថា ខ្លាចក្រែងមានការឃុបឃិតជាមួយឈ្មួញ ដោយទំនិញពន្ធជាប់អត្រាពន្ធខ្ពស់ បន្លំជាវាយពន្ធទំនិញជាប់អត្រាពន្ធទាបទៅវិញ។
ពាក់ព័ន្ធបញ្ហានេះ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិនបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ហាក់បីដូចជាមានភាពលាក់លៀមលោកឆ្លើយថា របាយការណ៍ខាងលើដែលអ្នកសារព័ត៌មានទទួលបាននោះ មិនពិតនោះឡើយ គឺមានន័យថា លោកច្រានចោលទាំងស្រុង។
លោកក៏មិនបានប្រាប់ពីមូហេតុនៃការធ្លាក់ចុះចំណូលពន្ធ ឬការកើនឡើងចំណូលពន្ធនោះទេ គ្រាន់តែនិយាយយ៉ាងខ្លី ជាប់រវល់បើករថយន្តទៅប្រជុំនៅភ្នំពេញហើយក៏បិទទូរស័ព្ទបាត់ ។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនង លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនឱ្យជួយឆ្លើយបំភ្លឺតាមទូរស័ព្ទ ប៉ុន្តែទូរស័ព្ទលោកហៅចូលគ្មានការឆ្លើយតបកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។
សូមរំលឹកថា នៅក្នុងឱកាសប្រកាសតែងតាំងលោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយប្រធានការិល័យរកចំណូលពន្ធនៅមាត់ច្រកអន្តរជាតិព្រំ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ លោក ហ៊ីវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានលើកឡើង និងជម្រុញឱ្យលោកប្រធានសាគយ និងរដ្ឋាករថ្មីប្រចាំខេត្តប៉ៃលិន ត្រូវប្រឹងប្រែងរកចំណូលពន្ធចូលរដ្ឋឱ្យបានគ្រប់ផែនការ ឬឱ្យលើសផែនការ មិនមែនមកបំពេញកិច្ចការងារឱ្យខ្វះផែនការនៃការប្រមូលពន្ធចូលរដ្ឋនោះឡើយ ។ នៅពេលនោះ លោកអគ្គនាយករង ក៏បានព្រមានទៀតថា បើលោកទាំង២នាក់រកចំណូលពន្ធគយមិនបានតាមផែនការថ្នាក់លើនោះទេ និងរងការព្រមានដកតំណែងផងដែរ ៕ សំ វិច្ឆិកា