ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកបុឹល កុសល ថាល្បែងសុីសងគ្រាប់ប្រភេទ អាចកើតមានឡើងនូវបទល្មើសផ្សេងៗ ដូច្នេះយើងត្រូវតែលុបបំបាត់ចោលអោយអស់ តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ។
លោកអភិបាលខណ្ឌលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីវាយកំទិចចោលទូហ្គេមចំរុះចំនួន៨២ទូ កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ដែលប្រារព្ធធ្វើនៅក្នុងសាលាខណ្ឌសែនសុខ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌសែនសុខបានវាយកម្ទេចទូហ្គេមប្រភេទល្បែងស៊ីសងចំនួន៨២ទូ ក្នុងនោះមានទូវាយពង់ និងប្រណាំងសេះចំនួន៦៨ទូ និងទូហ្គេមបាញ់ត្រីចំនួន១៤ទូ ដែលគ្មានច្បាប់អនុញ្ញាតត្រូវបានវាយកម្ទេច ។
លោកអភិបាលបានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៨២ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌសែនសុខ ខណៈដែលពួកគេលួចបើកលេងទាំងយប់ ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរថា ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះហើយ ដែលបំផ្លាញលុយកាក់ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
អាជ្ញាធរបាននិយាយថា លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ ធ្នាប់សន្ដិសុខសង្គមតាមរយៈការលេងហេ្គមបាញ់ត្រីអស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដទៅជាអំពើលួច ឆក់ ប្លន់ដែលបង្កអសន្ដិសុខក្នុងសង្គមជាដើម ។
ក្នុងឱកាសនោះដែលោកបុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខក៍បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបអាជីវកម្មល្បែងសុីសងត្រូវតែបញ្ឈប់អាជីវកម្មទាំងនោះទៅព្រោះថាវាជារបរខុសច្បាប់និងធ្វើយុវ័យមួយចំនួនដើរក្នុងផ្លូវខុស៕ តុង សីហា