ភ្នំពេញ៖ សន្តិសុខផ្សារត្រពាំងថ្លឹង បានក្របួចជនសង្ស័យម្នាក់ ដែលជំនាញដើរបោកប្រាស់គេ ដោយយកគ្រឿងអលង្ការក្លែងក្លាយមកលក់តាមផ្សារនាៗ ខណៈដែលលក់បានលុយហើយ ឲ្យបក្ខពួកយកទៅបាត់ ទើបអាជីវកអ្នកលក់ដឹងទាន់ បង្កការភ្ញាក់ផ្អើលវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយមក ជនសង្ស័យ ដែលជាកូនចោរគេនោះ បានទំនាក់ទំនងឲ្យមេចោរវេរលុយឲ្យ ទើបក្រុមសន្តិសុខផ្សារដោះលែងឲ្យទៅវិញ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះជ័យ ទូច ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ នៅហាងណារីភ្នំមាស ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកមេក្លោងឈ្មោះ នី ភេទស្រី អាយុជាង៣០ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា រួបគេបានយកកងដៃកាឡៃមកលក់នៅផ្សារត្រពាំងថ្លឹង ចំនួន២ដងមកហើយ ពោលគឺថ្ងៃទី៥ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ។ ដោយនៅថ្ងៃទី៥ ខែឧសភា រួបគាត់បានយកកងដៃ១កង យកមកលក់នៅទីតាំងខាងលើ ដោយលក់បានលុយចំនួន១២០ដុល្លារ ហើយក៏ទៅផ្ទះវិញ លុះមកដល់ថ្ងៃកើតហេតុ រួបគាត់បានមកម្តងទៀត ដោយឈ្មោះ នី ឲ្យយកកងដៃ១កងទៀត មកលក់ដោយឈ្មោះនី មកជាមួយ រួមទាំងប្តីជិះម៉ូតូ២គ្រឿង ខណៈរួបគាត់កំពុងលក់នោះ អ្នកទិញមើលកងដៃ ដោយសារតែម្ចាស់ដឹងថា មិនមែនជារបស់ពិត ទើបហៅសន្តិសុខផ្សារឃាត់ខ្លួន ចំណែកស្ត្រី និងប្តីដែលជាមេក្លោងគេចខ្លួនបាត់។
តាមសម្តីអ្នកទទួលទិញបានឲ្យដឹងថា នៅថ្ងៃម្សិលមិញ ជនសង្ស័យបានយកកងដៃកាឡៃមកលក់ ដោយមិនចាំអារម្មណ៍ ទើបទិញយកហើយក្រោយមកទៀត មានមនុស្សផ្សេងទៀតមកលក់កងដៃដដៃលទៀត ដោយសរុបជាទឹកប្រាក់អស់ចំនួន២២០ដុល្លារ។ លុះថ្ងៃកើតហេតុ ក៏ឃើញជនសង្ស័យខាងលើមកម្តងទៀត ទើបពិនិត្យមើលកងដៃដឹងថា មិនមែនជាកងដៃពិតទើបឃាត់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានទូរស័ព្ទទៅមេក្លោងរបស់គេ ហើយបានចរចាជាមួយសន្តិសុខហើយអ្វីដែលហួសចិត្តនោះមេក្លោងនោះមិនដឹងថាដាក់ស្នេហ៍ក្រុមសន្តិសុខផ្សារត្រពាំងថ្លឹងយ៉ាងណានោះទេ ទើបគ្រាន់តែផ្ញើលុយឲ្យគ្រប់ចំនួនដែលលក់កងដៃនោះមកវិញ សន្តិសុខក៏ដោះលែងបក្ខពួកចោរនោះឲ្យមានសេរីភាពវិញ ដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានដឹងផងទេ ៕ សុខាសែនជ័យ