ខេត្តកណ្តាល៖ បុរសម្នាក់បានមកដាក់ពាក្សបណ្តឹងនៅកងរាជអាវុធហត្ថស្រុកមុខកំពូល ពីករណីចោរលួចម៉ូតូមួយគ្រឿងទៅបាត់ ខណៈដែលរូបគាត់កំពុងចូលរួមក្នុងពីធីកាត់សក់កូនរបស់បងថ្លៃ ។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ឋិតនៅចំណុចភូមិក្រោម ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សមត្ថកិច្ចប្រាប់ថា បុរសជាម្ចាស់ម៉ូតូ ឈ្មោះឈន់ សុទ្ធីពង្ស អាយុ៤២ឆ្នាំ ស្នាក់នៅក្រុងភ្នំពេញ មានមុខរបរជាអ្នកលក់គ្រឿងបន្លាស់រថយន្ត ។ ម៉ូតូដែលចោរលួចទៅបាត់ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY 2982។
តាមការឲ្យដឹងពីម្ចាស់មូ៉តូប្រាប់អ្នកយកព័ត៌មាននគរវត្តថា នៅថ្ងៃកើតហេតុ រូបគាត់បានសម្រាកពីការងារដើម្បីមកចូលរួមការក្មួយនៅភូមិក្រោម ស្រុកមុខកំពូល គឺរូបគាត់បានមកដល់តាំងពីម៉ោង៥ព្រឹក ដើម្បីជួយហែជំនួន ពេលហែជំនូនហើយ នាំគ្នាហូបបបរព្រឹក បន្ទាប់មកក៏ចាប់ផ្តើមពិធីកាត់សក់ក្នុងពិធីកាត់សក់នេះ រូបគាត់ពំុបានចាប់អារម្មណ៍ មើលម៉ូតូ។ លុះកាត់ហើយក្រឡេកមើលម៉ូតូ ស្រាប់តែបាត់តែម្តង ដោយអស់សង្ឃឹម គាត់ក៏មកដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកមុខកំពូល ៕ ឡូ សំអាត