ខេត្តកណ្តាល៖ សមត្ថកិច្ចជំនាញអ្នកចិញ្ចឹមជ្រូក(ពេទ្យសត្វ) ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលប្រមាណជាង១០០នាក់ បាននាំគ្នា ឡោមព័ទ្ធរថយន្ដដឹកជ្រូកមួយគ្រឿង ផ្ទុកជ្រូកជាង ១០០ក្បាល ដែលនាំចូលពីវៀតណាម កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ភូមិកណ្តាល ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ត្រូវបានគេអះអាងថា ប្រយោជន៍ចង់ទប់ស្កាត់មិនឲ្យឈ្មួញនាំចូល ជ្រូកពីប្រទេសជិតខាង មកលក់នៅកម្ពុជា នាំឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក គ្មានទីផ្សារ ។
ប្រតិបត្តិការជំនាញ និងការឡោមព័ន្ធពីសំណាក់កសិករចិញ្ចឹមជ្រូកខាងលើនេះ គឺប្រជាពលរដ្ឋបានសំណូមពរឲ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ចូលទប់ស្កាត់ការនាំចូល ជ្រូកខុសច្បាប់ពីវៀតណាម មកកម្ពុជា ព្រោះតែការហូរចូលជ្រូកពីវៀតណាម ខុសច្បាប់បានធ្វើឲ្យការចឹញ្ចឹមជ្រូកនៅកម្ពុជាធ្លាក់ចុះ ដោយសារមិនអាចប្រកួតប្រជែងនឹងជ្រូកនាំចូលបាន។
យ៉ាងណា សមត្ថកិច្ចបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះប្រជាពលរដ្ឋ ជាពិសេសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានមានប្រតិកម្មខ្លាំង ក្នុងការដែលសមត្ថកិច្ចជំនាញអនុញ្ញាតឲ្យនាំជ្រូកចូលពីប្រទេសវៀតណាម នៅតាមបណ្តោយផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ១ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៥ ខែឧសភា រថយន្តដឹកជ្រូកខាងលើ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូក កម្ពុជា និងពេទ្យសត្វខេត្តកណ្តាល ឃាត់បាននៅចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីពិនិត្យខ្លាចក្រែងសត្វជ្រូកទាំងនោះជំងឺ ក្រោយពិនិត្យរួចរកឃើញថា ការដឹកជញ្ជូនជ្រូកនេះ មានឯកសារមិនត្រឹមត្រូវឡើយ ក៏ឃាត់ទុកនឹងមានការបាញ់ទឹកឲ្យជ្រូក ខ្លាចងាប់។
ប៉ុន្តែនៅម៉ោងប្រមាណជា១០យប់ថ្ងៃទី០៥ ខែឧសភានេះ ស្រាប់តែមានប្រជាពលរដ្ឋ ស្រុកកៀនស្វាយ មកឡោមព័ទ្ធ និងសំណូមពរឲ្យជួយទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាម មួយគ្រឿងទៀតទើបប្រជាពលរដ្ឋឡោមព័ទ្ធ និងឲ្យសមត្ថកិច្ចឆែកឆេររកសំបុត្រស្នាមត្រឹមត្រូវ ហើយពេលនោះសមត្ថកិច្ចនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានពិនិត្យឃើញថា រថយន្តដែលផ្ទុកជ្រូកនាំចូលពីប្រទេសវៀតណាមមួយគ្រឿងនេះលើសច្បាប់កំណត់ ក៏ធ្វើការណែនាំ និងបានផាកពិន័យជាសាច់ប្រាក់ចំនួន១៥លានរៀល ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ៕ សណ្តោស