ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយសុខដុមរម្យនា សម្រាប់សហគមន៍ខ្មែរឥស្លាមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានដាក់ចេញនូវគោលនយោបាយសុខដុមរម្យនា សម្រាប់សហគមន៍ខ្មែរឥស្លាមកម្ពុជាលើ វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ។

លោកអូស្មាន ហាស្សាន់ បានថ្លែងបែបនេះ ទៅកាន់សាសនិកឥស្លាមកម្ពុជាក្នុងពិធីសំណេះសំណាល និង ប្រកាសទទួល ស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្ត កណ្តាល នៅមន្ទីរគណបក្សក្រុង តាខ្មៅ កាលពីព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះ សាសនិកឥស្លាមកម្ពុជា ដោយសម្តេចបានអនុញ្ញាតឲ្យបង្កើតឡើងនូវស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាក្នុងឆ្នាំ២០០០ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់ កណ្តាលដល់ថ្នាក់មូលដ្ឋាន និងអាចផ្សព្វផ្សាយធម៌វិន័យយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វ ផ្សាយនានាថែមទៀតផង។

លោកបានបន្តថា៖ សាសនិកឥស្លាមកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុង ការគោរពប្រតិបត្តិសាសនារបស់ខ្លួន ក្នុងនោះព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រ និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រគល់ដី និងទីតាំងវិហារបឹងកក់ជូន សហគមន៍ឥស្លាមគ្រប់គ្រងវិញ ហើយជាមួយគ្នានេះរាជរដ្ឋាភិបាលបានបង្កើតឲ្យមានកន្លែង សម្រាប់ថ្វាយបង្គំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅអគារវិមានសន្តិភាព សិស្ស និស្សិតឥស្លាមអាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀនទាំងនៅក្នុងគ្រឹះស្ថាន អប់រំរបស់រដ្ឋ និងឯកជន ហើយចំពោះសិស្ស និស្សិតឥស្លាមកម្ពុជាដែលទៅបន្តការសិក្សានៅបរទេស ទទួលបានលិខិតឆ្លងដែនដោយឥតគិតថ្លៃ ពិសេសជាងនេះទៅទៀតរាជរដ្ឋាភិបាល កម្ពុជាតែងបានយកចិត្តទុកដាក់ និងផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម កម្ពុជាផងដែរ។ ជាពិសេស រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលគ្រូខ្មែរឥស្លាម ១៥០០ នាក់ ទៅក្នុងក្របខណ្ឌមន្ត្រីរាជការ ដែលជាការគិតគូពីជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដូចប្រជាពលរដ្ឋទូទៅ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា អ្វីៗទាំងនេះគឺវាសមល្មម សម្រាប់បងប្អូនសាសនិកឥស្លាមកម្ពុជា តបស្នងសង គុណចំពោះប្រមុខរាជរដ្ឋាភិបាលវិញ ដោយយើងមិនត្រូវរមិលគុណឡើយ ដែលការតបស្នងសងគុណនោះ គឺធ្វើឡើងតាមរយៈការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះសហគមន៍ឥស្លាមកម្ពុជាបានប្រកាស ចេញមុខការពារ និងប្រឆាំងដាច់ខាតចំពោះការលាបពណ៌ និងការ ចោទប្រកាន់មកលើសហគមន៍ឥស្លាមនៅកម្ពុជា ពីបណ្តាប្រទេស និង មជ្ឈដ្ឋាននានា ដែលខុសពីការពិត ៕ សំរិត


ចែករំលែក៖