ព័ត៌មានទាន់ហេតុការណ៍៖

គេចពីផ្លូវច្បាប់រត់ទៅចងកសម្លាប់ខ្លួន ដោយសារនិយាយបរិហារកេរ្តិ៍កូនស្រីអ្នកស្រុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែនីឡុងចងក ទៅនឹងដើមស្វាយចន្ទី បន្ទាប់ពីទទួលដំណឹងថា អ្នកភូមិម្នាក់បានដាក់ពាក្យបណ្តឹងខ្លួនពីបទបរិហារកេរ្តិ ។ ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្រែចិន នៅភូមិបឹងកក់ ឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួននេះ មានឈ្មោះ អ៊ុំ លួត មានទីលំនៅក្នុងភូមិក្រឡាញ់ ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ប្រជាពលរដ្ឋឈ្មោះ ម៉ាច សឿន បានដឹកគោយកទៅចង នៅចំណុចស្វាយក្បែរស្វាយចន្ទី នៅពេលទៅដល់ គាត់បានប្រទះឃើញសពឈ្មោះ អ៊ុំ លួតនេះ ស្លាប់ដោយមានខ្សែនីឡុងចងភ្ជាប់ទៅនឹងដើមស្វាយចន្ទី ភ្លាមៗនោះ គាត់បានកាប់ខ្សែទម្លាក់បម្រុងជួយ តែបុរសនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ក្រោយកើតហេតុ គាត់បានរាយការណ៍មកអាជ្ញាធរភូមិ និង សមត្ថកិច្ច ដើម្បីពិនិត្យសាកសព។

ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋាន ករណីនេះ បុរសខាងលើបានចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។

ប្រជាពលរដ្ឋដែលរស់នៅក្បែខាង ផ្ទះបុរសធ្វើអត្តឃាតនេះ បានប្រាប់ឲ្យដឹងថា កាលពីកន្លងបុរសឈ្មោះ អ៊ុំ លួត នេះ បានដើរនិយាយបរិហារកូនស្រីអ្នកស្រុកម្នាក់ នៅក្នុង ភូមិ ដោយបរិហារកេរ្តិ៍ថា កូនស្រីម្នាក់នោះ ទៅលួចស្រឡាញ់លោកសង្ឃមួយអង្គ លុះក្រោយ មកក្រុមគ្រួសារកូនស្រីបានដឹង រួចបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និង សមត្ថកិច្ច ដោយចោទប្រកាន់ ពីបទបរិហាកេរ្តិ៍ ។ ក្រោយពីដឹងថា មានពាក្យបណ្តឹង បុរសរូបនេះនិយាយប្រាប់ គេឯងថា ខ្លួនមិនសុខចិត្តជាប់គុកនោះទេ សុខចិត្តសម្លាប់ខ្លួនឯងវិញ លុះក្រោយមក រយៈពេលប៉ុន្មានថ្ងៃ ក៏ប្រទះឃើញឈ្មោះ អ៊ុំ លួត នេះចងកសម្លាប់ខ្លួននៅនឹងដើមស្វាយចន្ទីតែម្តង ៕ ចន្ថា


ចែករំលែក៖