អតីតតារាបាល់បោះជនជាតិអាមេរិក លោក Dennis Rodman ដែលជាមិត្តជិតស្និទ្ធរបស់មេដឹកនាំគីម ជុងអ៊ុន បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក៏ដូចជាពលរដ្ឋជុំវិញពិភពលោក កំពុងតែយល់ច្រឡំទៅលើមិត្តរបស់ខ្លួន ។ លោកគីម ជុងអ៊ុន ក៏ដូចជាមនុស្សដទៃទៀត ។
បើទោះបី កូរ៉េខាងជើងតែងតែគំរាមដល់ទីក្រុងវ៉ាស៊ីនតោន តែលោក Rodman បញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្លាប់និយាយជាមួយលោក ថា «ខ្ញុំមិនចង់ វាយប្រហារ ទៅលើអ្នកណាម្នាក់ឡើយ» ។
ជនជាតិអាមេរិកដំបូង ដែលបានជួបពិភាក្សាយ៉ាងស្និទ្ធស្នាលបំផុត ក្នុងនាមជាឯកជន ជាមិត្តភក្តិ លោក Rodman បានបញ្ជាក់ថា«ការដែលកូរ៉េខាងជើងមានអាវុធបរមាណូ ដោយសារតែជាប្រទេសតូច មិនអាចការពារ ខ្លួនបានល្អឡើយ ហើយអាវុធបរមាណូនោះ គឺជួយការពារខ្លួនបានយ៉ាងប្រសើរ»។
អតីតតារាបាល់បោះអាមេរិកបានបញ្ជាក់ទៀតថា «កូរ៉េខាងជើង ចង់ឲ្យពលរដ្ឋ និងរដ្ឋាភិបាលអាមេរិកដឹងថា កូរ៉េខាងជើងមិនដែលស្អប់អាមេរិកឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ គឺចង់សហការជាមួយអាមេរិកផងដែរ ។
លោក Rodman ជាជនជាតិអាមេរិកដំបូងគេ ដែលបានជួបលោក គីម ជុងអ៊ុន ក្នុងនាមជាមិត្តភក្តិ ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់តំណែងកាលពីឆ្នាំ២០១១ ។ តារាបាល់បោះរូបនេះ តែងតែការពារ មិត្តរបស់ខ្លន ដោយលោកបានបញ្ជាក់ថា គីម ជុងអ៊ុន ជាមិត្តមួយជីវិត នៅពេលដែលលោកទៅកាន់កូរ៉េខាងជើងនៅខែកុម្ភៈ ឆ្នាំ២០១៣ ។
ការបញ្ជាក់ខាងលើរបស់តារាបាល់បោះជនជាតិអាមេរិក កើតឡើងក្នុងពេលដែលមានភាពតានតឹង រវាង កូរ៉េខាងជើង នឹងអាមេរិក ក្រោយពេលដែលអាមេរិកបញ្ជូនអាវុធជាច្រើនទៅកាន់ទីនោះ មានទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បរមាណូផងដែរ ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត កាលពីថ្ងៃទី៧ ខែឧសភា កូរ៉េខាងជើងបានប្រកាសថា បានចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ទៀត ពីបទចង់ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។ ពលរដ្ឋអាមេរិករូបនេះ ជាបុគ្គលិកសាកលវិទ្យាល័យមួយ នៅក្រុងព្យុងយ៉ាង ជាពលរដ្ឋអាមេរិកទី៤ ដែលកូរ៉េខាងជើងបានចាប់ខ្លួន ។ ក្រុងព្យុងយ៉ាងចាប់ខ្លួនពលរដ្ឋអាមេរិក ចំពេលទំនាក់ទំនងកូរ៉េខាងជើង និងអាមេរិក កាន់តែតានតឹងខ្លាំង។
លោកគីម ហាក់សុង Kim Hak Song ជាពលរដ្ឋអាមេរិកទី៤ ដែលកូរ៉េខាងជើងចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ។ គាត់បម្រើការឲ្យសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងព្យុងយ៉ាង។ គាត់ជាអ្នកផ្តល់សន្និសីទនៅសកលវិទ្យាល័យមួយនេះ ។ កូរ៉េ់ខាងជើងចោទថា គាត់ចង់ធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាចក្រុងព្យុងយ៉ាង ។ កូរ៉េខាងជើងប្រាប់ថា នឹងស៊ើបអង្កេតអោយលម្អិតពីបទឧក្រិដ្ឋរបស់លោក គីម។
គិតទាំងលោក គីម ហាក់សុង មកដល់ពេលនេះ ក្រុងព្យុងយ៉ាងបានចាប់ខ្លួនពលរដ្ឋសរុប ៤នាក់។ សូមរំលឹកថា ថ្ងៃ២២ ខែមេសា កូរ៉េខាងជើងបានចាប់ខ្លួនពលរដ្ឋអាមេរិកដើមកំណើតកូរ៉េខាងត្បូងមួយរូបទៀតដែរ នៅអាកាសយានដ្ឋាន ពេលបុរសរូបនោះត្រៀមចាកចេញទៅអាមេរិកវិញ ។ ពលរដ្ឋអាមេរិករូបនោះ ធ្វើការអោយសកលវិទ្យាល័យវិទ្យាសាស្ត្រនៅកូរ៉េខាងជើងនេះដែរ ។ គាត់ត្រៀមឡើងយន្តហោះ ក្រោយគាត់បានបង្រៀនអស់ច្រើនសប្តាហ៍មក ។ គាត់រងការចោទប្រកាន់ថា បានធ្វើសកម្មភាពទំលាក់រដ្ឋាភិបាលកូរ៉េខាងជើង ៕ ម៉ែវ សាធី