ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌយកអំណោយរបស់ កាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ ដោយសាតែមានភ្លៀងមួយមេធំលាយឡំ នឹងខ្យល់កន្រ្តាក់បោកបក់ចំផ្ទះប្រជាពលរដ្ឋចំនួន១៣៦ខ្នង កាលពីរសៀលថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៧ កន្លងមកនោះ ។
លោកសុខ សម្បត្តិបានមានប្រសាសន៍ថា ក្នុងការចូលរួមចំណែកផងដែរ ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយថែមទាំងទទួលរងគ្រោះពីបាតុភូតធម្មជាតិ ត្រូវខ្យល់កន្ត្រាក់បោកបក់មកចំផ្ទះបណ្តាលឲ្យរលំ និងរបើកដំបូលផ្ទះអស់ជាច្រើនខ្នងបង្កភាពលំបាកដល់ប្រជាពលរដ្ឋ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌបន្តទៀតថា អំណោយដែលបានយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ មានអង្កចំនួន៣០គីឡូក្រាម និងមីយើងចំនួន១កេះ ក្នុងមួយគ្រួសារ លោកបន្តថា អំណោយទាំងនេះ ត្បិតតែមានតិចតួចក្តី តែអាចជួយសម្រាលដល់ការខ្វះខាតបានមួយពេលផងដែរ ក្នុងនាមអាជ្ញាធរ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋដែលមានទុក្ខលំបាកជានិច្ច ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ។
ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិមានចំនួនសរុប១៣៦គ្រួសារ គឺនៅសង្កាត់ព្រែកព្នៅមានចំនួន៣៦ខ្នង រលំទាំងស្រុងចំនួន៥ខ្នង សង្កាត់សំរោងមានចំនួន៩០ខ្នង និងរលំ៣ខ្នង ហើយក្នុង១គ្រួសារត្រូវទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីយើងចំនួន១កេះ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕ ព្រែកជ័យ