ខេត្តស្វាយរៀង៖ ទំនប់បង្ហៀរទឹកសម្ដេចតេជោ ហ៊ុន សែន ព្រៃតាភេម ដែលមានកំពស់១ម៉ែត្រកន្លះ ប្រវែង១៩,៦៤ម៉ែត្រ ស្ថិតនៅភូមិពោន ឃុំដូង ស្រុករមាសហែក ត្រូវបានបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខដល់ព្រះសង្ឃ លោកតា លោកយាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីពីលោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ។
ក្នុងឱកាសនោះ លោកពេញ ជា អភិបាលស្រុករមាសហែកបានអោយដឹងថា ស្រុករមាសហែកមានផ្ទៃដីសរុប៧៨,៤៦០ហិចតា រួមមានផ្ទៃដីព្រៃចំនួន១៨.៣៤៦ហិកតា ផ្ទៃដីដាំដុះចំនួន៣២.៨០០ហិកតា ផ្ទៃដីលំនៅឋានចំនួន១២៧៥០ហិកតា ផ្ទៃដីផ្សេងៗចំនួន១៤.៥៦៥ហិកតា ។
លោកបន្តថា សព្វថ្ងៃស្រុកមានផ្ទៃដីព្រៃឈើ ផ្ទៃដីបឹង អូរ ព្រែកទួលប្រមាណ៧២៧០ហិកតា ដែលជាចំណេកមួយក្នុងការប្រកបអាជីវកម្មនានា ដោយប្រជាពលរដ្ឋប្រមាណ៩៥ភាគរយ ប្រកបមុខរបរកសិកកម្ម ជាមុខរបរដោះស្រាយចិញ្ចឹមជីវិត ក្រៅពីនេះ នៅមានមុខរបរបន្ទាប់បន្សំ៥ភាគរយទៀត ដូចជាការងារសិប្បកម្មត្បាញល្អី កញ្ជើរ បង្កើនការចិញ្ចឹមសត្វ និងមានដំណាំរួមផ្សំដូចជាដំឡូងមី ដំឡូងឈើ បន្លែគ្រប់មុខ រួមទាំងដំណាំកសិឧស្សាហកម្ម អំពៅ កៅស៊ូ និងបង្កើតសហគមន៍នៅតាមមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ។ ដោយឡែក ឃុំដូងថ្ងៃនេះ បានធ្វើពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកសម្ដេចតេជោ ហ៊ុន សែនព្រៃតាភេម នេះកសាងឡើងក្នុងគោលបំណងសម្រាប់ប្រើប្រាស់ទឹក និងស្រោចស្រពស្រូវវស្សា និងសង្គ្រោះស្រូវពេលជួបគ្រោះរាំងស្ងួតលើផ្ទៃដីចំនួន៧៤៥ហិកតា ដែលមាន៤ភូមិ មាន៦១៣គ្រួសារ ប្រជាពលរដ្ឋសរុប២៦៧២នាក់ ស្រី១២៧២នាក់ ។
ថ្លែងក្នុងឱកាសនោះ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែកបានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ដែលក្នុងរយៈពេលកន្លងមក ហើយសម្តេចតេជោ បានអភិវឌ្ឍន៍មូលដ្ឋានទូទាំងប្រទេស ឲ្យមានការរីកចម្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារ៉ាម ជាពិសេសការចូលមកវិនិយោគទុនពីបរទេស ដែលបានធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើ បង្កើននៅជីវភាពរស់នៅរបស់ខ្លួនកាន់តែប្រសើជាងមុនផងដែរ។
លោកសៅ សុខា បន្តថារូបលោកសូមថ្លែងអំណរគុណដល់លោក ហុង វិណុល ប្រធានថ្នាក់ពង្រឹងឃុំដូង និងក្រុមការងារទាំងអស់ ដែលបានគៀងគរប្រមូលរកថវិកាយកមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចក្នុងពេលនេះ គឺធ្វើពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកសម្ដេចតេជោ ហ៊ុន សែនព្រៃតាភេមនេះ ដែលមានកំពស់១ម៉ែត្រកន្លះ ប្រវែង១៩,៦៤ម៉ែត្រ កសាងឡើងក្នុងគោលបំណងសម្រាប់ប្រើប្រាស់ទឹក និងស្រោចស្រពស្រូវវស្សា និងសង្គ្រោះស្រូវពេលជួបគ្រោះរាំងស្ងួតរបស់បងប្អូនផងដែរ ។
លោកសៅ សុខា បន្តថាហើយទំនប់បង្ហៀរទឹកសម្ដេចតេជោ ហ៊ុន សែនព្រៃតាភេមនេះ គឺបច្ចេកទេសរបស់មន្ទីធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀងជាអ្នកទទួលការសាងសង់ដោយទំនប់នេះ លោកប្រធានមន្ទីរបានអះអាងថា ប្រើរយះពេល៣ខែរួចរាល់ ។
មិនតែប៉ុណ្ណោះ ពេលដែលទំនប់បង្ហៀរទឹកសម្ដេចតេជោ ហ៊ុន សែនព្រៃតាភេមនេះ ពេលសាងសង់រួច សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះជួយថែរក្សាអោយបានគង់វង្ស ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការដាំបន្លែដំណាំក៏ដូចជាចិញ្ចឹមត្រីផងដែរ ។
ជាមួយគ្នានោះដែរ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សូមចូលរួមទៅបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា ពិសេសសូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខ របស់បងប្អូន។
ក្នុងឱកាសនោះដែរ លោកសៅ សុខា ក៏បានជុំរុញដល់បងប្អូនទាំងអស់ចេះគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀនផងដែរ ៕ យឹម សុថាន