ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីមើលកុនជាមួយសង្សារបែកគ្នាទៅផ្ទះ ត្រូវចោរឆក់កាបូបមិនសម្រេចដួលរបួសស្រាល

ចែករំលែក៖

ភ្នំពេញ: នារីក្មេង២នាក់ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូធំ មួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបស្ពាយតែ មិនបានសម្រេច បណ្ដាលនារីរងគ្រោះទាំងពីរនាក់ដួលម៉ូតូច្រងាប់ច្រងិលរងរបួសបែកមុខ បែកមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរូបស្រស់ស្អាតមិនស្គាល់ឈ្មោះ២ នាក់ដែលមានវ័យជាង២០ឆ្នាំ បានជិះម៉ូតូ Zoomer-X មួយគ្រឿង ព ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FX-4641 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មមៗ ទើបតែចេញពីមើលកុនជាមួយសង្សារហើយ ខណ:ជិះម៉ូតូទៅផ្ទះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធុនធំ មួយគ្រឿង មិនស្គាល់ម៉ាក មកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីអង្គុយខាងក្រោយមិនបានសម្រេច ធ្វើឲ្យនារីរងគ្រោះដួលម៉ូតូយ៉ាងពេញទំហឹង រងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួនតែម្តង។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុនារីរងគ្រោះខាងលើ មិនបានទៅទៅដាក់ពាក្យបណ្ដឹងទេ ដោយសុខចិត្តទូរស័ព្ទហៅសង្សាររបស់នាងឲ្យ មកដល់កន្លែងកើតហេតុរួចឌុបគ្នាតាមម៉ូតូមកយកទៅមន្ទីរពេទ្យ ដោយមិនរំខានសមត្ថកិច្ចឡើយ ៕ ប្រាថ្នា


ចែករំលែក៖