ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ប្រដាប់ដោយដំបងឬស្សីជាអាវុធ ស្ទាក់វាយប្រហារទៅលើប្រជាកសិករម្នាក់ បំណងប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឲ្យប្រជាពលរដ្ឋជួយចាប់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ ។
ករណីប្លន់យកម៉ូតូមិនបានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចរបងវត្តទេពរង្សី ហៅវត្តថ្មី តាមបណ្តោយផ្លូវលំចូលទៅវាលស្រែ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នឿន សុខឃីម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (រងរបួសបែកក្បាល និងក្បាលជង្គង់ ដោយសារប្រជាបលរដ្ឋព្រួតវាយ) មានទីលំនៅភូមិក្រាំងវែង ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះឈ្មោះ ប៊ុន សយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួសកដៃដោយសារជនសង្ស័យវាយត្រូវមួយដំបង) មានទីលំនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុរួបគាត់បានជិះម៉ូតូត្រឡប់មកពីដឹកគ្រាប់ឈូកនៅឯចម្ការ ខណៈជិះដល់ខាងលិចរបងវត្តទេពរង្សី ហៅវត្តថ្មី ស្រាប់តែលេចមុខជនសង្ស័យកាន់ដំបងឬស្សីលើកវាយប្រហារមកលើខ្លួន ។ ជនរងគ្រោះបានបន្តថា ឃើញដូច្នេះខ្លួនក៏បានលើកដៃរងបណ្តាលឲ្យជនសង្ស័យវាយត្រូវចំ.កដៃមួយដំបង បន្ទាប់មកខ្លួនក៏បានលោតចុះពីលើម៉ូតូស្រែកថា “ជួយផងមានចោរប្លន់” ។ ភ្លាមនោះប្រជាពលរដ្ឋដែលជាកម្មករនៅក្នុងរោងម៉ាស៊ីនកិនស្រូវជាច្រើននាក់បានរត់មកជួយដេញចាប់ខ្លួនជនសង្ស័យបានវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យជនសង្ស័យរងរបួសទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
មន្ត្រីនគរបាលយុត្តិធម៌ស្រុកពញាឮបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ។ ដោយឡែកម៉ូតូត្រូវបានជនរងគ្រោះស្នើសុំយកទៅប្រើប្រាស់វិញ ៕ ស្អាងជ័យ