ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ជំរុញឲ្យសកម្មជនគណៈចលនាសាសនិកអ៊ិស្លាមខេត្តកំពង់ធំ កៀងគរកម្លាំងបោះឆ្នោតបន្តផ្តល់ជ័យជម្នះជូនគណបក្សប្រជាជន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់

គណបក្សប្រជាជនកម្ពុជា បានជម្រុញឲ្យសកម្មជនសមាជិកបក្សប្រជាជនកម្ពុជាសូមបន្ដពង្រឹងការកៀងគរ កម្លាំងចលនាមហាជននៅតាមមូលដ្ឋានរបស់ខ្លួនទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដេីម្បីបន្តផ្តល់ជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាទាំងការបោះឆ្នោតក្រុមប្រឹក្សាដែលនៅមិនដល់មួយខែទៀត និងការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខ។

លោកបន្តថា មានតែការសម្រេចចិត្តបោះឆ្នោតដ៏ត្រឹមត្រូវជូនគណបក្សប្រជាជនមួយគត់ ដែលជាសក្ខីភាពនៃការតបស្នងសងគុណនូវគុនោបការៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជនជាអ្នកដែលបានលះបង់យ៉ាងលំបាក រហូតបន្តនូវសន្តិភាព និងភាពចម្រុងចម្រេីនដល់សព្វថ្ងៃ។

ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកប្រធានគណៈចលនាបានបញ្ជាក់ថា គណៈចលនាសាសនិកអ៊ិស្លាមជាសេនាធិការដែលបម្រើការជូនគណបក្សប្រជាជនកម្ពុជា ហេតុនេះសមាសភាពដែលត្រូវបានប្រកាសតែងតាំង ត្រូវសហការការងារឲ្យបានល្អជាមួយគណបក្សនៅមូលដ្ឋានរបស់ខ្លួនធ្វេីយ៉ាងណាឲ្យកិច្ចការនានាត្រូវបានបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន៕ សំរិត


ចែករំលែក៖