ខេត្តព្រះសីហនុ៖ កម្មករសំណង់ម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យចម្ការចេកគ្រាដែលក្រុមគ្រួសារបញ្ជូនមកព្យាបាលកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ហើយបានស្លាប់នៅទៀបភ្លឺថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ហើយក្រោយពីជនរងគ្រោះបានស្លាប់ ក្រុមគ្រួសារបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនបង្កហិង្សានេះដើម្បីចាត់ការតាមច្បាប់។
បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ជនដែលបានប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះស្លាប់ត្រូវបានឃាត់ខ្លួនឈ្មោះ ង៉ែត កុសល់ អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួននៅម៉ោង១២ និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ និងត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៩ ខែឧសភា ដើម្បីចោទប្រកាន់។ រីឯជនរងគ្រោះឈ្មោះ ឆែម ធី ហៅមាំង ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាកម្មករសំណង់នៅការដ្ឋានលើភ្នំតាហុ៊យឡេង ស្ងិតក្នុងក្រុមទី១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នមានទីលំនៅភូមិ-ឃុំជាមួយនឹងជនសង្ស័យ។
បើតាមពាក្យបណ្តឹកក្រុមគ្រួសារជនរងគ្រោះបានដកស្រង់សម្តីជនរងគ្រោះមុនពេលស្លាប់ឲ្យដឹងថា កាលពីវេលាម៉ោង៧ ព្រលប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ និងជនសង្ស័យដែលជាមិត្តភ័ក្តិនឹងគ្នាធ្វើសំណង់នៅក្នុងការដ្ឋានលើភ្នំតាហ៊ុយឡេង ពួកគេបានសម្រាកពីការងារ ហើយក៏នាំគ្នាអង្គុយផឹកសុីបន្តឹចបន្តួចមុនចូលទៅសម្រាក។ ពេលនោះដោយជនរងគ្រោះឃើញមិត្តភ័ក្តិដែលជាជនដៃដល់ផឹកច្រើនពេក ជនរងគ្រោះក៏ឃាត់ខ្លាចស្អែកឡើងធ្វើការងារមិនកើត តែជនដៃដល់សង្ស័យស្រវឹងខ្លាំងខឹងជនរងគ្រោះក៏វាយទាត់ធាក់មកលើជនរងគ្រោះបណ្តាឲ្យចុកច្អល់។ ក៏ប៉ុន្តែជនរងគ្រោះមិនបានតបតនោះទេ លុះនៅយប់ថ្ងៃទី៧ ដដែលដោយសារតែអការៈរបួសនឹងចេះតែចុកមិនឈប់ ជនរងគ្រោះក៏ធ្វើដំណើរទៅផ្ទះនៅឯភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ហើយនៅពេលទៅដល់ផ្ទះអាការៈជនរងគ្រោះកាន់តែឈឺចុកចាប់ខ្លាំងឡើង និងក្រោយពីក្រុមគ្រួសារស្តាប់ការរៀបរាប់របស់ជនរងគ្រោះ ក៏ដឹកបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យចម្ការចេករហូតដល់ម៉ងទៀបភ្លឺថ្ងៃទី៨ ខែឧសភា ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។
បើតាមប្រភពនៅក្នុងមន្ទីរពេទ្យ គ្រូពេទ្យបង្ហើបថា ជនរងគ្រោះមានរបួសបែកប្លោកនោម ដែលនេះដោយសារជនរងសង្ស័យជាមិត្តភភ័ក្តិខាងលើទាត់ពេលជនរងគ្រោះហាមមិនឲ្យផឹកស្រាច្រើននោះ។ ក្រោយពីមានករណីនេះកើតឡើង ទើបក្រុមគ្រួសារជនរងគ្រោះសម្រេចប្តឹងជនរងសង្ស័យឲ្យសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់គ្រាដែលសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅលំនៅឋាន៕ ឆ្លាម សមុទ្រ