ព័ត៌មានទាន់ហេតុការណ៍៖

ជិះឌុបកូនចេញពីសាលារៀន ម៉ូតូជាប់ហ្គារហោះបុករថយន្ត៣គ្រឿងអត់លុយសងគេប្រជាពលរដ្ឋរៃអង្គាសគ្នាសងជំនួស៥៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យកណ្តាលម្នាក់ខណៈ ជិះម៉ូតូដឹកកូនប្រុសអាយុ១០ឆ្នាំ ចេញពីសាលារៀន គោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែចៃដន្យម៉ូតូជាប់ហ្គារធ្វើឲ្យជ្រុលទៅបុករះ រថយន្តចំនួន៣គ្រឿងដែលគេចតនៅមុខផ្សារដេប៉ូ ហើយអត់ប្រាក់សងថ្លៃខូចខាត រថយន្តស៊េរីទំនើបទាំងនោះ ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នា រៃអង្គាសលុយបានមួយចំនួនជួយឧបត្ថម្ភទៅគាតដើម្បី យកទៅសងថ្លៃរថយន្តគេ។ ក្នុងនោះដែរគេឃើញ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក G-David ក៏បានឧបត្ថម្ភទឹកប្រាក់ ចំនួន៥០ដុល្លារផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៥ ត្រង់ចំណុចមុខផ្សារដេប៉ូ ស្ថិតនៅក្នុងសង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

សាក្សីដែលឃើញឧប្បត្តិហេតុនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីវ័យកណ្តាលម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GJ 6615 ដឹកកូនប្រុសតូចអាយុ១០ឆ្នាំម្នាក់ចេញពីរៀននៅវិទ្យាស្ថានប៊ែលធីអន្តរជាតិ ទៅផ្ទះដោយបាន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈមកដល់ចំណុចខាងលើចៃដន្យអីម៉ូតូបានជាប់ហ្គាររោទិ៍ង៉ោងៗ រួចរុលទៅមុខជ្រុលទៅបុករះ រថយន្តសរុប៣គ្រឿងដែលគេចតនៅចិញ្ចើមផ្លូវទាំងកំរោលបណ្តាលឲ្យដួលរងរបួសស្រាលម្តាយនិងកូន និងធ្វើឲ្យរថយន្ត៣គ្រឿងខូចខាតតិចតួចផងដែរ ដោយរថយន្តដែលរងការ ខូចខាតច្រើនជាងគេ គឺរថយន្តម៉ាកអេសស្កាឡេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 5598 បែកស្តុបខាងមុខចំហៀងខាងស្តាំ និងរថយន្តមួយគ្រឿងទៀត ជារថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AL 4076 បែកកញ្ចក់ និងបែកស្តុបខាងក្រោយចំហៀងខាងឆ្វេង។ដោយឡែករថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកដោយសារឃើញខូចខាតតិចតួចពេកម្ចាស់រថយន្តបានបើកចេញទៅបាត់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ដែលរងការខូចខាត បានទាមទារសំណង ដោយរថយន្ត អេស្កាឡេតជារបស់ជនជាតិចិន ទាមទារសំណង ចំនួន1000$ រីឯខាងម្ចាស់រថយន្ត តាក់ស៊ី
ម៉ែត្រវិញ ទាមទារសំណងចំនួន200$ តែស្រ្តីជាអ្នកជិះម៉ូតូបង្កអត់មានប្រាក់សងទេ។ លុះមួយសន្ទុះ ក្រោយមកប្រជាពលរដ្ឋ ដែលចោមរោមមើលឃើញបែបនេះអាណិតពេកបានជួយរៃអង្គាសគ្នាបានប្រាក់៥៥០ដុល្លារសងទៅម្ចាស់រថយន្តអេស្កាឡែត ចំនួន400$ និងសងទៅម្ចាស់រថយន្តតាក់ស៊ីម៉ែត្រ ចំនួន150$ ដើម្បីបញ្ចប់រឿង ក្រោមការសម្របសម្រួលពីនគរបាលចរាចរណ៍ខណ្ឌទួលគោក៕ ប្រាថ្នា


ចែករំលែក៖