ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាជិះម៉ូតូមិនប្រកាន់នៅពេលយប់ បណ្តាលឲ្យអ្នកបើកបររថយន្តគេចមិនទាន់បុកពេញមួយទំហឹងដួលបោកក្បាលស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង២ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះ ឈ្មោះ អៀង សុវ៉ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-4339 ។ ចំណែកឯរថយន្តម៉ាកកាមរីគូថហើម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2C-0602 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា រថយន្តកាមរីគូថហើមបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ខណៈបើកដល់ចំណុចកើតហេតុក៏បុកគ្នាជាមួយម៉ូតូជនរងគ្រោះដែលកំពុងបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើផ្លូវស្លាប់យ៉ាងអណោចអធ័មតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់ស្រមោល រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវសមត្ថកិច្ចនគរបាលធ្វើការវាស់វែង ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលបញ្ជាក់ថា ករណីនេះផ្តើមចេញពីអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ប្រើប្រាស់ល្បឿនលឿនបាត់បង់ម្ចាស់ការរេចង្កូតចូលស្តាំរថយន្ត ៕ស្អាងជ័យ