ពលរដ្ឋជាង ៥០ពាន់នាក់នៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ត្រូវបាន ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពកាលពីថ្ងៃទី៧ ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក៥គ្រាប់ដែលសល់កាលពីសម័យសង្គ្រាមលោកលើកទី២។
មន្ត្រីទីក្រុង Hannover បានឲ្យដឹងថា គ្រាប់បែក២គ្រាប់ត្រូវបានរកឃើញនៅការដ្ឋានសាងសង់មួយកន្លែង ចំណែក៣គ្រាប់ទៀតត្រូវបានរកឃើញនៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើរ។
សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីទទួលខុសត្រូវនឹងដោះគ្រាប់បែកទាំង៥គ្រាប់នោះចេញ ប៉ុន្តែក្រោយមកក៏ឃើញមានជាច្រើនគ្រាប់ទៀត។ នៅពេលរសៀលក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រុមអ្នកឯកទេសដោះបាន២គ្រាប់ដោយជោគជ័យ ដែលជាគ្រាប់បែករបស់អង់គ្លេសដោយជោគជ័យ រីឯគ្រាប់បែកទី៣គឺត្រូវការឧបករណ៍ទំនើបជាងនេះដើម្បីសុវត្ថិភាព។ ចំណែកនៅក្នុង ទីតាំងផ្សេងទៀត គេរកឃើញសម្បកគ្រាប់មិនមែនគ្រាប់បែកឡើយ។
រថភ្លើងនៅក្នុងទីក្រុង Hannover ត្រូវ បានផ្អាក និងមណ្ឌលចាស់ជរា៧កន្លែងនៅ ក្នុងក្រុង ត្រូវបានមន្ត្រីនៅទីនោះជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។មន្ត្រីក្នុងតំបន់ក៏បានបង្កើតកម្មវិធីកម្សាន្តនានា ដល់ពល រដ្ឋដែលបានជម្លៀសចេញពីតំបន់ដែល ខ្លួនរស់នៅ ហើយថែមទាំងចែកអាហារ ដោយឥតគិតថ្លៃទៀតផង។
មន្ត្រីទទួលខុសត្រូវក្នុងទីក្រុងខាងលើសង្ឃឹមថានឹងដោះគ្រាប់បែកខាងលើឲ្យបានឆាប់បំផុត ដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។
រយៈពេលជាង៧០ឆ្នាំកន្លងមក ក្រោយ សង្គ្រាមលោកលើកទី២បានបញ្ចប់ គ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវបានគេរក ឃើញជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់។ ការជម្លៀសពលរដ្ឋនៅទីក្រុង Hannover កាលពីថ្ងៃទី៧ ខែឧសភា គឺជាការជម្លៀសទ្រង់ទ្រាយធំទី២ក្នុងប្រទេសនេះ។ កាលពី ឆ្នាំ២០១៦ ក្នុងទីក្រុង Augsburg ភាគ ខាងកើតអាល្លឺម៉ង់មានពលរដ្ឋជាង៥៤ ពាន់នាក់ត្រូវបានជម្លៀសចេញ៕ ម៉ែវ សាធី