ព័ត៌មានទាន់ហេតុការណ៍៖

កម្មករយាមដី៥នាក់ដែលអាជ្ញាធរចាប់ខ្លួនស្នើរកអន្តរាគមន៍សុំនៅក្រៅឃុំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមាជិកក្រុមគ្រួសារ ដែលជាភរិយា, ជាម្តាយ នៃជនត្រូវចោទ៥នាក់ ដែលសមត្ថកិច្ចអាជ្ញាធរដែនដី ខេត្តព្រះសីហនុចាប់ខ្លួនកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល សុំឲ្យប្តី ឬកូន រួចពីការឃុំឃាំង របស់អាជ្ញាធរមានសមត្ថកិច្ច ។

គោលនយោបាយរបស់រាជរដ្ឋាភិបាលបានកំណត់ថា មិនមានជនណាម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីទំនាស់ដីធ្លីនោះឡើយ ។ ប៉ុន្តែករណីខាងលើ ប្រជាពលរដ្ឋស្លូតត្រង់ដែលជាកម្មករយាមដី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនទាំងយប់អធ្រាត្រ ហាក់ដូចជាមានទោសព្រហ្មទណ្ឌ ។ ករណីនេះ ញាំងឲ្យមានការរិះគន់ខ្លាំងពីអង្គការសង្គមស៊ីវិល ព្រោះថា វាបានបំពានទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដែលថា មិនមានជនណាម្នាក់ត្រូវបានចាប់ខ្លួនក្នុងបញ្ហាទំនាស់ដីធ្លី ។

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ គោរពជូនសម្តេចប្រមុខរាជរដ្ឋាភិបាលជាមួយស្នាមមេដៃក្រុមគ្រួសារជនត្រូវចោទទាំង៥នាក់នោះបានស្នើឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យពួកប្តី ឬកូនរបស់នាងខ្ញុំបាននៅក្រៅឃុំ និងរួចពីការចោទប្រកាន់របស់អាជ្ញាធរ ។

សមាជិកគ្រួសារនៃជនត្រូវចោទបានសរសេរថា ករណីនេះ ពួកនាងខ្ញុំ សូមរៀបរាប់ប្រាប់សម្តេចទាំងទ្វេឲ្យបានជ្រាបថា៖ ពួកនាងខ្ញុំមានជីវភាពក្រីក្រ ហើយមានរបរចាំចម្ការដាំដុះឲ្យគេ ដោយបានទទួលប្រាក់កម្រៃតិចតួចដើម្បីចិញ្ចឹមជីវិត ហើយក៏មិនមានអ្វីពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះដីធ្លីរវាងថៅកែ នឹងក្រុមហ៊ុនចិននោះទេ ។ ប៉ុន្តែនៅវេលាជិតពាក់កណ្តាលអធ្រាត្រ យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ មានសមត្ថកិច្ចជាច្រើននាក់ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ សហការជាមួយកម្លាំងរបស់ក្រុមហ៊ុនចិន បានមកចាប់ប្តីពួកនាងខ្ញុំដែលកំពុងដេកលង់លក់យកទៅកន្លែងនគរបាលដោយចោទប្រកាន់ថា បានប្រើហិង្សារំលោភលើកម្មសិទ្ធិអ្នកដទៃ ហើយបានយកទៅដាក់គុកភ្លាមៗ ។

លិខិតរកកិច្ចអន្តរាគមន៍បានបន្តថា «បើគ្រាន់តែគ្រួសារនាងខ្ញុំទាំងអស់គ្នាប្រកបរបរស៊ីឈ្នួលដេកចាំចម្ការឲ្យគេ តើមានកំហុសដល់ថ្នាក់ជាប់គុកច្រវាក់បែបនេះមែនឬទេ» ។

ចំពោះករណីនេះ ផ្តើមចេញពីបញ្ហាទំនាស់ ឬជាការយល់ច្រឡំលើដីធ្លីមួយកន្លែងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អាជ្ញាធរខេត្ត ហាក់ដូចជាមានវិធានការលឿន និងក្តៅបំផុតទៅលើក្រុមអ្នកយាមដីទាំងនេះ ។ ផ្ទុយទៅវិញ បញ្ហាបទល្មើសផ្សេងៗ ហាក់ដូចជាមិនលឿនដូចការចាប់ក្រុមអ្នកយាមដីទាំងនេះឡើយ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានថ្លែងថា ការឃាត់ខ្លួនក្រុមកម្មករយាមដីទាំងនោះ បានធ្វើឡើងតាមការស្នើសុំជួយអន្តរាគមន៍របស់គណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត ។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត ដែលជាអ្នកដឹកនាំកម្លាំងចុះចាប់ក្រុមកម្មករយាមដីទាំងយប់នោះបានថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ អំពីករណីប្រជាពលរដ្ឋចូលទៅធ្វើសកម្មភាពបោះបង្គោលព័ទ្ធយកដីក្រុមហ៊ុនចិននោះ ទើបលោកដឹកនាំកម្លាំងចុះទៅឃាត់ខ្លួន និងបន្តនីតិវិធី ។

ការលើកឡើងរបស់លោកអភិបាលរងខេត្តផ្ទុយពីអ្វីដែលភរិយារបស់បុរសចាំចម្ការឲ្យគេទាំងនោះ ។ ពួកគេមិនមែនជាប្រជាពលរដ្ឋដែលបង្កបញ្ហាដល់ការវិនិយោគអ្វីនោះឡើយ ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែជាអ្នកចាំចម្ការដែលមានម្ចាស់ត្រឹមត្រូវតែប៉ុណ្ណោះ ។ បើមានរឿងអ្វីគួរតែដោះស្រាយជាមួយម្ចាស់ចម្ការស្របច្បាប់នោះទៅ ៕ ហេង សូរិយា


ចែករំលែក៖