ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចម៉ូតូអ្នករត់ម៉ូតូឌុប នៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថ ក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនហើយវាយខ្នោះដៃបញ្ជូនមកកន្លែងស្នាក់ការអាវុធហត្ថក្រុងប៉ោយប៉ែត ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលជនសង្ស័យរូបនោះចេះស្ទាត់ជំនាញដោះខ្នោះដៃរបស់សមត្ថកិច្ច ដោយប្រើតែខ្សែលួសខ្សែភ្លើងតូចមួយប៉ុណ្ណោះបានដោះខ្នោះដៃបាន ហើយបម្រុងរត់គេចខ្លួនត្រូវសមត្ថកិច្ចឃើញទាន់ចាប់ខ្លួនបានមកវិញ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផាន់ សាវង់ ភេទប្រុសអាយុ៣៨ឆ្នាំ គ្មានទីលំនៅពិតប្រាកដ ត្រូវបានអាវុធហត្ថស្នាក់ការ៥៦៨ ក្នុងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបង្រ្កាបចាប់ឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត រួមនិងម៉ូតូម៉ាកហុងដា១គ្រឿង ។ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនិងលួចម៉ូតូម៉ាកហុងដា ១គ្រឿង ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ វ៉ន រតនៈ ភេទប្រុសអាយុ៣១ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប នៅចំណុចភូមិសាស្រ្តក្រុងប៉ោយប៉ែត។លុះបន្ទាប់មកនៅវេលាម៉ោង១២យប់អធ្រាត្រថ្ងៃដដែល ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ខណៈដែលសមត្ថកិច្ចបានកំពុងដែលយាមកាមភ្លេចខ្លួន ជនសង្ស័យក៏បានយកលួសខ្សែភ្លើងមួយ មកចាក់ដោះខ្នោះដៃ របូតខ្នោះចេញពីដៃ បម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃើញក៏ធ្វើការឃាត់ខ្លួនទាន់ពេលវេលាវិញបាន។
ជនសង្ស័យនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា