ភ្នំពេញ៖ នារីម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយ បានសម្រេចគិតទាំងលុយ និសម្ភារៈអស់ជិត៣០០ដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលនាងចេញពីធ្វើការនៅក្រុមហ៊ុនម៉ាស់ស្តា ដោយធ្វើដំណើរតាមម៉ូតូ ឌុបម្តាយនៅពីក្រោយផងនោះបណ្តាលឲ្យរងរបួសទៀតផង។
ហេតុការណ៍ឆក់កាបូបនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាខណ្ឌសែនសុខ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ(១០១៩) ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ នាក់ សុខា អាយុ២៨ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុនម៉ាស់ស្តា ស្នាក់នៅផ្ទះលេខ៤៥២ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មុនកើតហេតុ រូបនាងបានចេញពីកន្លែងធ្វើការជិះម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ៥០ពណ៌ស្លែ ពាក់ស្លាកលេខ ម ២៩០៤ ភព១ ដោយឌុបម្តាយពីក្រោយ ក្នុងទិសដៅពីត្បូងទៅជើង ដោយស្ពាយកាបូបដែលក្រុមចោរឆក់នោះនៅពីមុខ លុះមកដល់ចំណុចមុខសាលាខណ្ឌសែនសុខ កន្លែងកើតហេតុស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាកមកពីក្រោយមកក្បែរ ហើយបានធ្វើសកម្មភាពឆក់យកកាបូបនោះបានសម្រេច បណ្តាលឲ្យនាងដួលរងរបួសស្រាល ហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់។ ពេលនោះនាងក៏បានស្រែកឲ្យគេជួយដែរតែពុំមានអ្នកជួយទាន់ពេលទេ ព្រោះពួកវាជិះម៉ូតូលឿនដូចហោះ ។
ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែប៉ុណ្នោះ៕ តុង សីហា