ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលម្នាក់ត្រូវបានខ្មាន់កាំភ្លើងតាមសម្លាប់ដល់មុខផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសាហាវខ្លាំងណាស់ ខ្មាន់កាំភ្លើងមានគ្នា២នាក់ បានតាមបាញ់បុរសម្នាក់ជាមន្ត្រីជលផល ខណៈបើករថយន្តជិតដល់ផ្ទះបណ្តាលឲ្យស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិត្រពាំងល្វា សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ ។

ជនរង​គ្រោះ​ឈ្មោះ សឿង ផានិត អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​ជល​ផល បឹង​ទន្លេ​សាប ស្នាក់នៅភូមិត្រពាំងល្វា​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបើករថយន្តកាមរីហាយប្រីជ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P 9758 តាមបណ្តោយផ្លូវលំ ច្រកចូលផ្ទះ ខណៈបើកជិះដល់ផ្ទះ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងមិនដឹងតាមមកតាំងពីពេលណាហើយ បានធ្វើសកម្មភាពបាញ់ប្រហារជនរងគ្រោះចំនួន៣គ្រាប់ចំក្រោមក្លៀកបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងពិនិត្យជំវិញរថយន្តឃើញមានសំបកគ្រាប់ចំនួន២គ្រាប់ដោយប្រភេទគ្រាប់រ៉ូឡូ ។

បន្ទាប់ពីពិនិត្យជាក់ស្តែងរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សារទុករង់ចាំពិត្យម្តងទៀតទៅលើរថយន្ត ៕ សុខាសែនជ័យ


ចែករំលែក៖