ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់បណ្តាលឲ្យស្រីម្នាក់ស្លាប់ និងម្នាក់ទៀតសន្លប់ពេលអង្គុយក្រោមផ្ទះមេឃកំពុងភ្លៀង

ចែករំលែក៖

 

ខេត្តឧត្តរមានជយ័៖ ស្ត្រីម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតបានសន្លប់បាត់ស្មារតី ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមណ្ឌុលសុខភាព ដោយសាររន្ទះបាញ់ពេលជនរងគ្រោះអង្គុយលេងក្រោមផ្ទះ មេឃកំពុងភ្លៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

មន្ត្រីនគរបាលស្រុកចុងកាល់បាននិយាយថា៖ មុនពេលកើតហេតុស្ត្រីរងគ្រោះទាំង២នាក់ បានអង្គុយក្រោមផ្ទះនិយាយលេង ស្របពេលមេឃកំពុងភ្លៀងលាយឡំនឹងផ្គររន្ទះ ។ មួយសន្ទុះក្រោយមក ស្រាប់តែគេឮស្នូររន្ទះបាញ់ផាំងបណ្តាលឲ្យស្ត្រីទាំង២នាក់ដួលនៅលើដី ភ្លាមៗនោះក្រុមគ្រួសារ និងញាតិជិតខាងបាននាំគ្នាទៅមើល ស្រាប់តែឃើញជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតសន្លប់បាត់ស្មារតី។

ចំពោះជនរងគ្រោះដែលសន្លប់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមណ្ឌលសុខភាពចុងកាល់ ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួស ណូត ភេទស្រី អាយុ៥៤ឆ្នាំ ចំណែកជនរងគ្រោះ ដែលសន្លប់មានឈ្មោះ ជា លាវ ភេទស្រី អាយុ៤៧ឆ្នាំ ជនរងគ្រោះទាំង២រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សាកសពក្រោយពីសមត្ថកិច្ចបានពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ស្របពេលរដូវវស្សាបានចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់គ្រប់ទីកន្លែង មានលាយឡំនឹងបាតុភូតផ្គររន្ទះផង ដែលករណីនេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវប្រុងប្រយ័ត្ន ពិសេសត្រូវរកកន្លែងសុវត្ថិភាពដើម្បីការពារអាយុជីវិត ៕ ប៉ែន នួន


ចែករំលែក៖