ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកវាយសម្លាប់បុរសវ័យចំណាស់អាយុ៧៥ឆ្នាំជាម្ចាស់ចម្ការនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យដែលវាយនឹងដំបងសម្លាប់បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌករិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាអធិការដ្ឋានគរបាលស្រុកគូលែន ខេត្តព្រះវិហារ ចាប់ខ្លួន កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគូលែនជើង ឃុំស្រុកគូលែនជើង ខេត្តព្រះវិហារ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានវាយសម្លាប់បុរសវ័យចំណាស់ម្នាក់ ត្រង់ចំណុចផ្លូវចេញពីចំការ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ហើយបានប្លន់យកម៉ូតូរត់គេចខ្លួនទៅស្រុកគូលែនខេត្តព្រះវិហារ ។

លោកដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានឱ្យដឹងថា ជនរងគ្រោះដែលឃាតករវាយសម្លាប់នោះ ឈ្មោះ ឆាយ សែ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ឈ្មោះសុខ ឆិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគូលែនជើង ឃុំស្រុកគូលែនជើង ខេត្តព្រះវិហារ ។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានបន្តឱ្យដឹងទៀតថា ស្ថិតក្រោមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចបានដឹងពីមុខសញ្ញាជនសង្ស័យថា ជាកម្មករធ្វើការឱ្យជនរងគ្រោះ ទើបឈានដល់ការ ឃាត់ខ្លួននៅចំណុចខាងលើ និងបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ ។

ជនសង្ស័យជាឃាតកបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយរឿងគំនុំរវាងម្ចាស់ចំការ នឹងរូបគេដោយសារជនរងគ្រោះបានជួលខ្លួនមកធ្វើជាកម្មករក្នុងមួយថ្ងៃ៣ម៉ឺនរៀល ពេលបើកឱ្យតែ២៥.០០០ រៀល ហើយថែមទាំងជេរប្រមាថដល់ខ្លួន ទើបមានគំនុំឈានដល់ការសម្លាប់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យជាឃាតកកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសាកសួររៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ មាស សុផាត


ចែករំលែក៖