ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូម៉ាកនិចបានសម្រេច មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅម្ដុំមុខណាហ្គាវើល ដែលស្ថិតក្នុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គេតែងតែសង្កេតឃើញមានក្រុមជនសង្ស័យប្រើដាវសាំមូរៃ មកកាប់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិដែលមានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋបានសម្រេចជាញឹកញាប់ ពុំដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបានម្ដងណាឡើយ ។

ជាក់ស្ដែងនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្បែរស្ពានភ្លោះកោះពេជ្រ មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានដើរប្រដាប់ដោយដាវសាំម៉ូរៃ មកកាប់លើជនរងគ្រោះចំនួន២នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលបានឈប់ម៉ូតូនៅទីស្ងាត់ ដើម្បីបត់ជើងតូច ធ្វើឲ្យជនរងគ្រោះទាំង២នាក់នោះភ័យស្លន់ស្លោបានដកសោម៉ូតូ រត់គេចចេញពីម៉ូតូ ខណៈនោះក៏មានម្ចាស់ម៉ូតូដែលអង្គុយក្បែរនោះ បានស្ទុះមកយកម៉ូតូដែរ តែត្រូវបានក្រុមជនសង្ស័យទាំងនោះបានកាប់មកលើជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូបណ្ដាលឲ្យដាច់ខ្លួនប្រាណចេញឈាមពេញផ្លូវរងរបួសធ្ងន់ រួចហើយក្រុមជនសង្ស័យបានអូសយកម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល ។

ដោយឡែក ជនរងគ្រោះដែលត្រូវបានក្រុមជនសង្ស័យកាប់លើខ្លួនប្រាណឲ្យរបួសធ្ងន់នោះ ត្រូវបានមិត្តភក្តិរបស់គាត់ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ និងត្រូវក្រុមជនសង្ស័យកាប់ឲ្យរងរបួសធ្ងន់ មានឈ្មោះ អូរ សុផាន់ណារាក់ អាយុ២២ឆ្នាំ មុខរបរធ្វើការនៅណាការវើល ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូម៉ាក ហ្ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1G.0302 ។ ទី២ មានឈ្មោះ ម៉ែន ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី៣មានឈ្មោះ ស៊ីម យូហ្គូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រីឯម្នាក់ទៀតមិនស្គាលឈ្មោះនោះទេ ។

ក្រោយកើតហេតុ មិត្តភក្តិជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជំនួសនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយសមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹង ៕ ភារ៉ា ដង្កោ


ចែករំលែក៖