ខេត្តកំពង់ធំ៖ ជនល្មើស៧នាក់ និងវត្ថុតាងរណារយន្តមួយចំនួន ត្រូវបានកម្លាំងមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត បន្ទាប់ពីជនសង្ស័យទាំង៧នាក់នេះ បានលួចចូលទៅកាប់រានដីព្រៃនៅដែនអភិរក្សជំរកសត្វបឹងពែ និងតំបន់ព្រៃឡង់កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងស្រុកសណ្តាន់ និងស្រុកស្ទោង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចដែលឈរជើងការពារនៅតំបន់ព្រៃឡង់ បានចុះល្បាតតាមគោលដៅ ក៏ប្រទះឃើញជនសង្ស័យមានគ្នាមួយក្រុមធំ ប្រហែលជាង២០នាក់ កំពុងតែធ្វើសកម្មភាពលួចអារឈើ នៅចំណុច ឃុំមានឫទ្ធិ ក្នុងតំបន់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ពេលនោះ ក្រុមជនសង្ស័យបានរត់ចែកជើងគ្នា នៅសល់តែមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតយកវត្ថុតាងជាក់ស្តែងភ្លាមៗ ដែលមានរណារយន្ត ចំនួនបីគ្រឿង និងគោយន្តកន្រ្តៃ១គ្រឿង សម្រាប់ធ្វើសកម្មភាពកាប់រានដីព្រៃ និងកាត់ឈើ ។ បន្ទាប់សមត្ថកិច្ចនៅការពារដែនជម្រកសត្វបឹងពែ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត បញ្ជូនយកទៅសាកសួរនៅមន្ទីរបរិស្ថាន ចាត់ការបន្ត ។
លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា ជនសង្ស័យ១ឈ្មោះថៃ ដន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ទី២ ឈ្មោះខុម លឿម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅឃុំប្រឡាយ ស្រុកស្ទោង ទី៣ ឈ្មោះ បាត់ឃ្លី ភេទប្រុស អាយុ៥១ឆ្នាំ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៤ ឈ្មោះ ឌី ភាព អាយុ៣៧ឆ្នាំ នៅស្រុកសណ្តាន់ ចំណែកជនសង្ស័យ៣នាក់ទៀត ឆ្លងដែនមកព្រះវិហារ ចូលអារឈើនៅក្នុងដែនព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពងធំ ១ ឈ្មោះ ស្វាយ សៅ ភេទប្រុស អាយុ៣៣ឆ្នាំ នៅស្រុកជាយសែន ខេត្តព្រះវិហារ ២ឈ្មោះ ចន សាន ភេទប្រុស អាយុ២៦ឆ្នាំ ៣ឈ្មោះ អឿន ពុទ្ធ ភេប្រុស អាយុ២៩ឆ្នាំ នៅស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំងអស់ខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ ចាត់ការបន្តតាមផ្លូវច្បាប់ ។
រហូតមកដល់រសៀលថ្ងៃដដែលនេះ លោក ឃនសុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងជាចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ៕ ប៊ុនរិទ្ធី