ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ត្រូវ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ជនជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ រួមជាមួយនឹងថ្នាំញៀន ៦ កញ្ចប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ឃាត់ខ្លួន កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា នៅចំណុចផ្ទះសំណាក់រិទ្ធិគិរីរ័ត្ន ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

របាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ថា ក្រោយពីទទួលបានដំណឹង កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ បាន ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀន ឈ្មោះ សុះ រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរឥស្លាម ទីលំនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយដែរ ពាក់ព័ន្ធប្រព្រិត្តអំពើលួចកាលពីឆ្នាំ២០១៤ ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញ និងដកហូតវត្ថុតាំងបានរួមមាន ៖ ម្ស៉ៅក្រាមថ្លាពណ៌សចំនួន៦កញ្ចប់តូច, ដាវសាម៉ូរ៉ៃ ០១ដើម, អូប៉ាឡ័រចំរៀងចំនួន២, ទូរសព្ទ័ដៃខូចចំនួន០៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ភ្នំដា


ចែករំលែក៖