ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុំរកប្តីឃើញប្តីវិញហើយ បងប្អូនអើយខ្ញុំសប្បាយចិត្តណាស់!

ចែករំលែក៖

ភ្នំពេញ ៖ ម្សិលមិញកាសែតនគរវត្តបានចុះផ្សាយព័ត៌មានមួយដែលស្រី្តម្នាក់បាត់ប្តីកាន់រូបថតមួយសន្លឹកទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយស្រាវជ្រាវរកដែលមានក្រោមចំណងជើងថា បាត់ប្តីខ្ញុំហើយ បងប្អូនអើយមានឃើញប្តីខ្ញុំទេ ? តែពេលឥឡូវនេះស្រី្តរូបនេះបានសម្តែងទឹក មុខញញឹម ដោយអះអាងថា គាត់តាមរកលោកប្ដីវ័យក្មេងរបស់គាត់ឃើញហើយ កាលពីវេលាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ហើយប្តីខ្ញុំសុខសប្បាយទេ មិនមានគ្រោះថ្នាក់ ឬរឿងអ្វីនោះឡើយ។ ចំណែកម៉ូតូដែលជិះទៅនោះ ក៏មិនបានបាត់បង់អ្វីដែរ ។

ស្ត្រីខាងលើឈ្មោះ វន សាមាស អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិព្រៃញី ឃុំដូនព្រំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ចំណែកប្ដីដែលបាត់ខ្លួននោះឈ្មោះ ង៉ែត រ៉ាមី អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯម៉ូតូ១គ្រឿងដែលប្តីជិះទៅនោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-6327 ។

នាង វនសាមាសបាននិយាយថា ក្រោយពេលដាក់ពាក្យបណ្ដឹងរួចនាងបានចាកចេញពីប៉ុស្ដិ៍នគរបាលចោមចៅហើយធ្វើដំណើរទៅតាមរកប្ដីទាំងភ័យព្រួយ នៅឯស្រុកកំណើតខេត្តតាកែវ ព្រោះតែមិនដឹងថាស្លាប់ឬរស់ឡើយ ណាមួយបាត់ដំណឹងឈឹងសូន្យ ឯទូរស័ព្ទខលមិនចូលទៀត។ បានមួយសន្ទុះ ស្រាប់តែមិត្តភក្ដិរបស់ទូរស័ព្ទប្រាប់ថាប្ដីនាងកំពុងនៅស្រុកកំណើតហើយពេលមកដល់ស្រុកកំណើតប្តីនៅម៉ោងជាង៤ល្ងាច ថ្ងៃទី១៦ ឧសភា ក៏ប្រទះឃើញប្ដីមែន។

ពេលឃើញប្តីភ្លាមនាងត្រេកអរនិងរំភើបហួសពីការស្មាន ទើបសួរពីមូលហេតុទាក់ទងគ្នាមិនបាន? លោកប្ដីក៏ប្រាប់ថា«ជាប់ផឹកស៊ីជាមួយមិត្តភក្ដិ ហើយខ្លាចនាងខឹងទើបបិទទូរស័ព្ទបែបនេះ» បន្ទាប់មកនាងនិងប្តីបានស្នាក់នៅមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ ទើបនាងត្រឡប់មកវិញ ដើម្បីធ្វើការងារបន្ត ចំណែកប្ដីមិនបានត្រឡប់មកវិញទេ ដោយគាត់ប្រាប់ថា នៅឯស្រុកកំណើតសិន ព្រោះអត់ទាន់មានការងារធ្វើ ចាំរកបានទើបទៅមកវិញ។ ការរកឃើញប្តីវិញនាំឲ្យមានចិត្តរំភើបយ៉ាងនេះត្រូវបាននាងលាន់មាត់ថា ខ្ញុំរកឃើញប្តីវិញ ហើយ បងប្អូនអើយខ្ញុំសប្បាយចិត្តណាស់ ៕ ប្រាថ្នា


ចែករំលែក៖