ភ្នំពេញ៖ រហូតមកទល់ពេលនេះ តុលាការនៅពុំទាន់សម្រេចចោទប្រកាន់ឬតម្កល់រឿងទុកឥតចាត់ការ ចំពោះសំណុំរឿងលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ។
លោក ឌុន វិបុល មេធាវីការពារក្ដីលោកជុន ច័ន្ទបុត្រ ថ្លែងនៅរសៀលថ្ងៃទី១៨ ខែឧសភា ថា លោកពុំទាន់ទទួលព័ត៌មានថា លោក សៀង សុខ ជាព្រះរាជអាជ្ញារង ចោទប្រកាន់ ឬ យ៉ាងណានៅឡើយទេចំពោះករណីលោក ជុន ច័ន្ទបុត្រ ។
លោកមេធាវីអះអាងថា ពេលនេះលោកបានដាក់ពាក្យសុំថតចម្លងសំណុំរឿង តែតុលាការពុំទាន់ឆ្លើយតបឡើយ ។
គួរបញ្ជាក់ថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺក្នុងនាមជាជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង “ ផ្តល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ “ ។ ប៉ុន្តែលោកជុន ច័ន្ទបុត្រ បានគេចខ្លួនទៅសហរដ្ឋអាមេរិក ។
កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត ឃីន វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ៕ ចេស្តា