ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសព័ត៌មាន៖ ស្ថានទូតអាមេរិកនឹងរៀបចំការបញ្ចាំងបង្ហាញភាពយន្តអាមេរិក នៅរាជធានីភ្នំពេញ

ចែករំលែក៖

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនឹងរៀបចំទទួលទស្សនកិច្ចរបស់ផលិតករភាពយន្តអាមេរិក ឈ្មោះ Heather Courtney និង Robin Hauser ជាផ្នែកមួយនៃការបញ្ចាំងបង្ហាញភាពយន្តអាមេរិក ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែឧសភា។ ការបញ្ចាំងបង្ហាញភាពយន្តនេះគឺជាកម្មវិធីដើរបញ្ចាំងភាពយន្តដ៏ធំមួយ ដែលបញ្ចាំងភាពយន្តឯកសារ ភាពយន្តរឿង និងកីឡាបែបគំនូរជីវចលសំរាប់ទស្សនិកជននៅទូទាំងសាកលលោក។

នៅក្នុងពេលស្នាក់នៅកម្ពុជា លោកស្រី Heather នឹងធ្វើសិក្ខាសាលាសំរាប់និស្សិតសាកលវិទ្យាល័យ និងផលិតករភាពយន្តថ្មីៗស្តីពីទីផ្សារនិងការចែកចាយភាពយន្ត ចំណែកលោកស្រី Robin នឹងបញ្ចាំងភាពយន្តឯកសារដែលបានឈ្នះរង្វាន់ របស់លោកស្រីដែលមានចំណងជើងថា “CODE: Debugging the Gender Gap”(កូដៈបំបាត់គំលាតជេនឌ័រhttps://www.codedoc.co/) ដល់ទស្សនិកជននានា។ ភាពយន្តនេះបង្ហាញពីចំនួនមិនសូវច្រើននៃវិស្វករផ្នែកកម្មវិធីផ្នែកទន់ជាស្រ្តី និងមកពីក្រុមជនជាតិភាគតិច ហើយស្វែងយល់ពីហេតុផលនៃគំលាតផ្នែកជេនឌ័រនេះ។

កម្មវិធីបញ្ចាំងភាពយន្តនេះទទួលបានការឧបត្ថម្ភថវិកាពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការការងារដោយមជ្ឈមណ្ឌលបុប្ផាណា ដោយសហការជាមួយមហាវិទ្យាល័យសិល្បៈភាពយន្តនៃសាកលវិទ្យាល័យ Southern California។

សំបុត្រក្នុងចំនួនមានកំណត់មានចែកជូនសាធារណជន ដើម្បីទស្សនាភាពយន្តនេះ និងជួបជាមួយផលិតករភាពយន្ត នៅថ្ងៃចន្ទ ទី២២ ខែឧសភា វេលាម៉ោង ៦:៣០ យប់ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សាអេអន។ សូមហៅទូរស័ព្ទទៅមជ្ឈមណ្ឌលបុប្ផាណាតាមលេខ ០១១ ៥៥០ ៥៩០ ដើម្បីកក់សំបុត្រ។ ផលិតករភាពយន្តអាចផ្តល់កិច្ចសំភាសន៍ដល់អ្នកសារព័ត៌មាន នៅមុនពេលបញ្ចាំងភាពយន្តនៅម៉ោង ៦:៣០ យប់។

អ្នកសារព័ត៌មានដែលចង់ទៅយកព័ត៌មានពីការបញ្ចាំងភាពយន្តនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.govត្រឹមថ្ងៃអាទិត្យ ទី ២១ ខែឧសភា វេលាម៉ោង ៦ យប់៕

 


ចែករំលែក៖