ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​ចោទប្រកាន់​លោក​ ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ទេ

ចែករំលែក៖

ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេលនេះ​ តុលាការ​នៅ​ពុំ​ទាន់​សម្រេច​ចោទប្រកាន់​ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ ចំពោះ​សំណុំរឿង​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ។

លោក​ ឌុន​ វិបុល​ មេធាវី​ការពារ​ក្ដី​លោក​ជុន​ ច័ន្ទ​បុត្រ​ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ថា​ លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ថា​ លោក​ សៀង​ សុខ​ ជា​ព្រះ​រាជ​អាជ្ញា​រង​ ចោទប្រកាន់​ ឬ​ យ៉ាងណា​នៅ​ឡើយទេ​ចំពោះ​ករណី​លោក​ ជុន​ ច័ន្ទ​បុត្រ​ ។

លោក​មេធាវី​អះអាង​ថា​ ពេល​នេះ​លោក​បាន​ដាក់​ពាក្យ​សុំ​ថតចម្លង​សំណុំ​រឿង​ តែ​តុលាការ​ពុំ​ទាន់​ឆ្លើយ​តប​ឡើយ​ ។

គួរ​បញ្ជាក់​ថា​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​ លោក​ ជុន​ ច័ន្ទ​បុត្រ​ ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ “​ ផ្តល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក​ បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ “​ ។​ ប៉ុន្តែ​លោក​ជុន​ ច័ន្ទ​បុត្រ​ បាន​គេច​ខ្លួន​ទៅ​សហរដ្ឋអាមេរិក​ ។

កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត​ ឃីន វុទ្ធី​ ហៅ​ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស​ ៕ ចេស្តា


ចែករំលែក៖