ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ជែងរថយន្តក្រុងប្រភេទ២៥កៅអីមួយគ្រឿង តែជែងមិនផុតបណ្តាលឲ្យជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង ៤៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុងស្ថិតក្មុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សពជនរងគ្រោះមានឈ្មោះ កុក លីដា អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG 1051 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបោះពួយយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុបានជែងរថយន្តក្រុងប្រភេទ២៥ កៅអីមួយគ្រឿង តែជែងមិនផុត ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់ប៊ិច ពណ៌ខ្មៅពាក់ពេញទំហឹងបណ្តាលឲ្យម៉ូតូទាំង២ ខ្ទាតចេញពីគ្នាចម្ងាយ៣០ ម៉ែត្របណ្តាលឲ្យភាគីម៉ូតូសង់ស៊េរី២០១៥ បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកភាគីម៉ូតូសង់ប៊ិចរងរបួសបាក់ដងកាំបិតខាងឆ្វេង ។
ក្រោយកើតហេតុ ជំនាញចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុង វាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី ៕ តុង សីហា