ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបូជាសពលកវរសេនីយ៍ត្រី ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងបុព្វហេតុការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ ជាមួយអង្កការសហប្រជាជាតិ

ចែករំលែក៖

ខេត្តស្វាយរៀង: ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោក វរសេនីយ៍ត្រី ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា ដែលជាបុគ្គលិកពេទ្យ នៃកងវិស្វកម្ម សំណង់លេខ ៤៥៩ មជ្ឈមណ្ឌលជាតិ ក្នុងបេសកកម្ម ពហុខ្នាតរួមគ្នា នៃសហប្រជាជាតិ បានពលីជីវិត កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២០:០០នាទីយប់ ក្នងជន្មាយុ ៣៧ឆ្នាំ ដោយការពួនស្ទាក់វាយប្រហារពីក្រុមប្រដាប់អាវុធមួយក្រុមក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ។

ពិធីបូជានេះរៀបចំនៅគេហឋាននៃសព នារសៀលថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមឧត្ដមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមវិញ្ញាណខ័ន្ធ របស់លោកបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕ យឹម សុថាន


ចែករំលែក៖