ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកគោយន្តត្រូវរថយន្តបុកពីក្រោយ រួចជនបង្កបានរត់ចោលរថយន្ត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៩នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៤៤ ស្ថិតនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមមន្ត្រីនគរបាលស្រុកឲ្យដឹងថា រថយន្តដែលបុកជនរងគ្រោះម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-1077 ហើយក្រោយកើតហេតុរថយន្តនេះត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះបើកគៅយន្តត្រូវរថយន្តបុកឈ្មោះ ស៊ុំ ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាសាល ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ជនរងគ្រោះបានបើកគោយន្តស្របទិសជាមួយនឹងរថយន្ត ពីលិចទៅកើត ស្រាប់តែរថយន្តបុកពីក្រោយគោយន្តតែម្តង។
មន្ត្រីនគរបាលចរាចរស្រុកបញ្ជាក់ថា ករណីនេះបណ្តាលឲ្យគោយន្តខូចក្នុងកម្រិតធ្ងន់ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាមួយនឹងរថយន្តផង។ ដោយឡែកជនរងគ្រោះអ្នកបើកគោយន្តត្រូវបានបញ្ជូនទៅសង្គ្រោះ៕ សេនា ស័ក្តិ