ខេត្តកំពង់ស្ពឺ៖ បុរសអ្នករកសុីដឹកធ្យូងលក់ម្នាក់ត្រូវកន្ទុយរុឺម៉ករបស់ខ្លួនបុកសង្កត់ស្លាប់ ខណៈកំពុងបើកលឿន ហើយដាច់គន្លឹះទម្ពក់កន្ទុយក្រោយ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូរ ស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវរុឺម៉កក្រោយសង្កត់ស្លាប់ឈ្មោះ ចាវ សុខណាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលថ្កូវ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើររងរបួសស្រាលឈ្មោះ យ៉ា ផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរុឺម៉កដឹកធ្យូងរបស់គេធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែដល់ចំណុចកើតហេតុចៃដន្យដាច់គន្លឹះទម្ពក់កន្ទុយក្រោយ បណ្តាលឲ្យសង្កត់លើអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
បើតាមមន្ត្រីនគរបាលចរាចរឲ្យដឹងថា ករណីនេះកើតឡើងដោយសារតែការបើកបរលឿន ដឹកធ្ងន់ និងរុឺម៉កខ្វះការត្រួតពិនិត្យបច្ចេកទេសពីម្ចាស់ ទើបបណ្តាលឲ្យដាច់គន្លឹះបែបនេះ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សេនា ស័ក្តិ