ខេត្តកណ្តាល៖ បុរសម្នាក់បានលែងលះប្រពន្ធបានប្រហែល១ខែ ហើយមករស់នៅម្នាក់ឯង ក៏ស្រាប់តែខ្យល់គរស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិ បារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានថ្លែងឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ំ វ៉ាន់ណេន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ កសិករ សព្វថ្ងៃរស់នៅភូមិ បារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានស្លាប់ ។
ប្រភពបន្តថា ជនរងគ្រោះមានប្រពន្ធឈ្មោះ ជា ស្រីណា ហៅ ស្រីកា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ បារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលនិងបានលែងលះគ្នា បន្ទាប់ពីរួមរស់ជាមួយគ្នាបានកូនស្រី ប្រុស ២នាក់ ។
ប្រភពបញ្ជាក់ថា រយះពេលជាង១ខែមកហើយ ជនរងគ្រោះ និងប្រពន្ធបានលែងលះគ្នាដោយប្រពន្ធទៅស្នាក់នៅភ្នំពេញជាមួយកូនទាំង២នាក់ ឯជនរងគ្រោះស្នាក់នៅផ្ទះម្នាក់ឯង ហើយតែងតែ ផឹកស្រាជាប្រចាំ។ លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង២២ ជនរងគ្រោះមានសភាពស្រវឹងស្រា បានឡើងដេកលើផ្ទះម្នាក់ឯង ដោយដាក់គន្លឹះ ទ្វារខ្ទាស់ពីក្នុងជាប់។
ប្រភពបន្តថា រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ ប៊ុន ណាត ជាម្តាយជនរងគ្រោះដែលមានផ្ទះនៅពីមុខ បានបាត់ជនរងគ្រោះមិនឃើញ ក៏ឡើងទៅគោះទ្វារហៅជនរងគ្រោះ តែមិនឮឆ្លើយ ក៏ហៅកូនៗផ្សេងទៀតមកដាក់ជណ្តើរឡើងអើតមើលតាមបង្អួច ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនៅលើពូកក្នុងផ្ទះល្វែងខាងក្រោយចំហៀងខាងជើង ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះបានយកឫស្សីស៊កតាមបង្អួចឆ្កឹះ គន្លឹះទ្វារផ្ទះទើបបើកទ្វារបាន ហើយរាយការណ៍ជូនសមត្ថកិច្ច នគរបាលសហការ ជាមួយគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិពិនិត្យសាកសពដោយហ្មត់ចត់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ក្រោយពិនិត្យចប់បានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕