ព័ត៌មានទាន់ហេតុការណ៍៖

ចន្លោះតែ១៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូព្រលះគ្នានៅផ្លូវព្រះមុនីរ៉េតរងរបួសធ្ងន់៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៤នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះចរាចរណ៍កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវព្រះមុនីរ៉េត កន្លែងផ្សេងគ្នា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចចរាចរណ៍ប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ ដែលបានចុះដល់កន្លែង កើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍លើកទី១ នៅវេលាម៉ោង៩និង៥០នាទីយប់ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រវាងម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-5292 នឹងម៉ូតូកូនទា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BD-6944 បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង ។ ក្រោយកើតហេតុជន រងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនសួគ៌ាដឹកយកទៅធ្វើការសង្គ្រោះ។

សមត្ថកិច្ចដដែលបន្តថា តែចន្លោះ១៥នាទីក្រោយ ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត នៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចក្បែរវត្តស្ទឹងមានជ័យ ភូមិថ្មី សង្កត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រវាងម៉ូតូធំ AZ ពណ៌ក្រហម គ្មានស្លាកលេខ នឹងម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-2494។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីម្ចាស់ម៉ូតូធំAZ ធ្វើដំណើរពីលិចមកកើត លុះមកចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវ ស្របពេលដែលភាគីម៉ូតូហុងដាឌ្រីមសេ១២៥ នោះឌុបគ្នា៣នាក់ ធ្វើដំណើរពីកើតមកលិច ចុះពីស្ពានអាកាសស្ទឹងមានជ័យត្រង់យ៉ាងលឿនមិនបានមើលម៉ូតូឆ្លងផ្លូវបុកម៉ូតូធំAZ បណ្តាលឲ្យបាក់ជើងតែម្តង ហើយក៏ត្រូវបានរថយន្តសង្គ្រោះឯកជន ហុង ហាក់ ដឹកយកទៅធ្វើ ការសង្គ្រោះ។ ចំណែកភាគីម្ចាស់ម៉ូតូសេ១២៥របួសស្រាល និយាយជារួមសុទ្ធ តែស្រវឹងស្រាទាំងអស់៕ តាឡឹម


ចែករំលែក៖