ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាលេងទឹកភ្លៀង រអិលជើងធ្លាក់ស្រះទឹកលង់ស្លាប់ម្នាក់ បញ្ជូនទៅពេទ្យម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងៗនាំគ្នាលេងទឹកភ្លៀង តែចៃដន្យបានរអិលជើងធ្លាក់ស្រះទឹកបណ្តាលឲ្យលង់ស្លាប់ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងជនរងគ្រោះ ១.ឈ្មោះ ភន សីហឧត្តម ភេទ ប្រុស អាយុ៦ឆ្នាំ រស់នៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រស់នៅក្នុងបន្ទុកឪពុកម្តាយ​បានស្លាប់ ។ ២.ឈ្មោះ តែ ប៊ុនផាន ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រស់នៅក្នុងបន្ទុកឪពុកម្តាយត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។

ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងរងគ្រោះបានលេងទឹកភ្លៀង ជាមួយក្មេងចំនួន៣នាក់នៅមាត់ស្រះ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងរងគ្រោះឈ្មោះ ភន សីហឧត្តម និងក្មេងរងគ្រោះឈ្មោះតែ ប៊ុនផាន បានរអិលជើងឆ្លាក់ក្នុងស្រះទឹក ភ្លាមនោះក្មេងម្នាក់ទៀតឈ្មោះ ឌឿន លីហេង បានរត់មកប្រាប់ឱពុកម្ដាយ ក៏ផ្អើលឆោឡោ រួចចាស់ៗក្នុងភូមិបាននាំគ្នាចុះទៅរាវរកឃើញក្មេងរងគ្រោះឈ្មោះ តែ ប៊ុនផាន រួចក៏បញ្ចូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះ ចំណែកក្មេងរងគ្រោះឈ្មោះភន សីហឧត្តម បានលង់ទឹកស្លាប់នៅក្នុងស្រះ ។

ក្រោយកើតហេតុ គេបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុពិនិត្យទៅលើសាកសពឃើញថាសព ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយពុំមានស្លាកស្នាមអ្វីផ្សេងទេ ក្រោយពេលពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖