ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៧ ខែឧសភា ស្ត្រីអាយុ២៨ឆ្នាំម្នាក់ត្រូវនគរបាលចាប់ខ្លួនតាមដីកាតុលាការ ដោយពាក់ព័ន្ធករណីជួញដូរសារធាតុញៀនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ យ៉េត ស្រ៊ាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ត្រូវឃាត់ខ្លួន ។
សមត្ថកិច្ចអះអាងថា ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៩៨ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ របស់លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ យ៉េត ស្រ៊ាង ។ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទ យ៉េត ស្រ៊ាង នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តនីតិវិធី ៕