ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុកជាមួយរថយន្ដពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០(ក្បែច្រមុះជ្រូកគល់ស្ពានត្សឹបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សំ ខន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-9207 ។ ចំណែកឯរថយន្ដម៉ាកគា ពណ៌ស ចំណុះ១,៥តោន ពាក់ស្លាកលេខ កណ្ដាល 2A-7908 បើកបរដោយឈ្មោះ ចន ងឹត ភេទប្រុស អាយុ២៣ឆ្នាំ(ឃាត់ខ្លួន) មានទីលំនៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរាជធានីភ្នំពេញ ដោយពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ ។ លុះបើកមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះឆ្លងសួនច្បារ ពុះចែកទ្រូងផ្លូវជ្រុលទៅបុកជាមួយរថយន្ដដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះរូបនេះដួលបោកក្បាលស្លាប់យ៉ាងណោចអធ័ម ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុករួមជាមួយមធ្យោបាយពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើការតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖