ខេត្តស្វាយរៀង ៖ មានករណីដួលទ្វារលំសង្កត់ទៅលើក្មេងប្រុស២នាក់ ត្រូវជាបងប្អូនបង្កើតស្លាប់យ៉ាងអាណោចអាធ័ ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាម្ចាស់ផ្ទះ នាំគ្នាជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិភ្លោះឃុំគ្រួស ស្រុកស្វាយជ្រំ ។
យោងតាមអធិការនគរបាលស្រុកស្វាយជ្រំ លោកពិន អាន បានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ ខាន់ រ៉ាន់ អាយុ១១ឆ្នាំ និងឈ្មោះ ខាន់ រ៉ាត់ ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ខណៈដែលម្ដាយឪពុកមានជីវភាពខ្វះខាតទីទ័លក្រ ទើបសម្រចចិត្តចំណាកស្រុកទៅធ្វើការនៅភ្នំពេញជាង៥ឆ្នាំមកហើយ ដោយ២ទៅ៣ខែ ទើបមកលេងស្រុកម្ដង ហើយបច្ចុប្បន្ននេះបានរស់នៅជាមួយជីតា ឈ្មោះ ភឹម អ៊ាន អាយុ៦០ឆ្នាំ មុខរបរកសិករ ដែលរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ចំណែកម្ចាស់មានផ្ទះដែលទ្វាររបងរលំដួលមានឈ្មោះ ឃុយ ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិភ្លោះ ឃុំគ្រួស ស្រុកស្វាយជ្រំ ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានក្មេង២នាក់ បងប្អូនបាននាំគ្នារត់លេងប្រលែងគ្នាហើយក៏បានឡើងជិះលើទ្វាររុញផ្ទះគ្រូបង្រៀន ដែលមានកំពង់៥ម៉ែត្រ ប៉ុន្តែចៃដន្យអ្វីមិនដឹងយ៉ាងម៉េច ស្រាប់តែទ្វារបានដួលរលំសង្កត់ពីលើពេញទំហឹងធ្វើឲ្យក្មេងស្រែកអូយជួយផង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ជីតា និងអ្នកភូមិក៏ដូចជាម្ចាស់ផ្ទះចេញមកមើល និងនាំគ្នាជួយសង្គ្រោះប៉ុន្តែអកុសសដោយមុខរបួសធ្ងន់ពេកដាច់ខ្យល់ស្លាប់ទាំង២នាក់តែម្ដង ។
ក្រោយកេើតហេតុសមត្ថកិច្ចនគរបាលក៏បានប្រគល់សពទៅឲ្យជីតាក្មេងរងគ្រោះធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន