ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ខណៈដែលរថយន្តមួគ្រឿងបើកបររះរថយន្តនិងម៉ូតូជាច្រើនគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ខណៈដែលរថយន្តមួយគ្រឿងម៉ាក់ម៉ុងតារ៉ូ បានបើកបុករះរថយន្ត និងបុកម៉ូតូបន្តបន្ទាប់ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាពេទ្យ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក់ មីស៊ុយបីស៊ី ម៉ុងតារ៉ូ ពាក់ស្លាកលេខ ភ្នំពេញ ២B-១៩៨១ បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបុកគូទរថយន្តមួយគ្រឿងម៉ាក់ តូយូតា យ៉ារី ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-២៥៥១ បណ្ដាលឲ្យកំពិតគូទក្រោយ ក៏បន្តទៅបុករថយន្តឆ្លាម រួចក៏ទៅប៉ះម៉ូតូសន្ដោងរុឺម៉កបណ្ដាលឲ្យធ្លាក់ក្មេងៗដែលអង្គុយលើរុឺម៉ករងរបួសស្រាល ហើយក៏ទៅបុកម៉ូតូគុបជ្រុង ពណ៍ទឹកសមុទ្រមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះដែលបើកម៉ូតូគុបនេះ គៀបជាប់ក្រោយរថយន្តកង់ខាងឆ្វេងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ប្រភពដដែល បានបន្តទៀតថា ក្នុងហេតុការណ៍នោះអ្នកបើកបរបង្កហេតុ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចុះមកអន្តរគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ស្រះចក ដើម្បីសាកសួរ និងប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងចាត់ការតាមច្បាប់ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ក៏បានឲ្យដឹងថា បុរសបង្កហេតុឈ្មោះ ហួរ ចាន់ថា អាយុ៥១ឆ្នាំ ជាប៉ូលីសការពារព្រំដែន ស្នាក់នៅម្ដុំភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោលសែនជ័យ ។ រីឯជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុប្រហែល១៨ឆ្នាំ ។

បច្ចុប្បន្នជនបង្កហេតុ និងរថយន្តរួមទាំងម៉ូតូ ត្រូវបានកម្លាំងនគរបាលជំនាញវាស់វែង ដើម្បីយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស ដារ៉ា

 

CPP (1)


ចែករំលែក៖