ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានភ័យស្លន់ស្លោដួលសន្លប់នៅក្នុងរោងចក្រ អាកាស សិត ហ្គាមេន

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីម្នាក់បានរអិលដួលបោកក្បាកនៅក្នុងរោងចក្រ អាកាស សិត ហ្គាមេន ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា ក្នុងសួនវឌ្ឍន២ ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ខណះពេលនោះស្រាប់តែមានកម្មការិនីជិតជាច្រើននាក់ផ្សេងទៀត មានអារម្មណ៍ភ័យ និងតក់ស្លុតរហូតទន់ដៃទន់ជើង ហើយបានដួលសន្លប់ជាបន្តបន្ទាប់។

ស្ត្រីជាកម្មការិនីដែលស្លាប់នោះឈ្មោះ ខាត់ សាមេី មានអាយុជាង៤០ឆ្នាំ រស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក ជឹម សុីថា អធិការនគរបាលខណ្ឌខណ្ឌដង្កោបានប្រាប់ភ្ងាក់ងារអ្នកយកព័ត៌មានកាសែតនគរវត្តឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបាន​ដើរដួលនៅក្នុងរោងចក្រ បណ្តាលឲ្យបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់នៅតាមផ្លូវ ដោយមានដំណឹងកម្មករខាងលើស្លាប់ កម្មករកំពុងធ្វើការនៅក្នុងរោងចក្របានភ័យស្លន់ស្លោរហូតដួលសន្លប់ជាបន្តបន្ទាប់ ចំនួនប្រមាណ៣០នាក់ ហើយក្រុមហ៊ុនក៏បានឲ្យកម្មករចេញទៅមន្ទីពេទ្យដើម្បីសម្រាកព្យាបាល និងខ្លះទៀតក៏បានទៅផ្ទះអស់ហើយដែរ ។ ដោយឡែកសពស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ចូនទៅស្រុកកំណើតប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖