ភ្នំពេញ ៖ បុរសម្នាក់ បានទៅអង្គុយផឹកស៊ីជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី៣រួមនឹងអ្នកស្គាល់គ្នា២ទៅ៣នាក់តែពេលផឹកស៊ីស្រវឹងខឹងមន្ត្រីនគរបាលនិយាយមើលងាយឪពុករបស់គាត់ដែលគេស្គាល់ថាពាក់ផ្កាយ៣ក៏វាយមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី៣រហូតសន្លប់ស្តូកស្តឹងទើប សមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងនិង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៥១ ត្រង់ចំណុចម្តុំផ្សារតាប៉ាង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនបង្កមានឈ្មោះ ទីន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញដែលគេស្គាល់ថាជាកូនលោកឧត្តមសេនីយឯកម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ។
ជនបង្ករូបនេះបានឱ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែអង្គុយផឹកស្រាជាមួយអ្នកស្គាល់គ្នា៣ទៅ៤នាក់រួមជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ម្នាក់ផង ។ លុះពេលផឹកស្រវឹងស្រារៀងៗខ្លួនក៏និយាយលេងចុះឡើងធ្វើឲ្យខឹងនឹងជនរងគ្រោះដែលជាមន្រី្តនគរបាលប៉ុស្តិ៍ផ្សារថ្មី៣និយាយមើលងាយឪពុករបស់គាត់ដែលមានឋានៈដល់ទៅផ្កាយ៣ទៅហើយ។ពេលឃើញដូច្នេះគាត់ឲ្យមន្រ្តីនគរបាលរូបនោះសុំទោសតែមិនព្រមសុំទោសទេ បែរជាជិះម៉ូតូចេញទៅបាត់។ បានមួយសន្ទុះក្រោយមកមន្រី្តនគរបាលរូបនោះក៏បានត្រឡប់មកវិញពាក់អាវស៊ីវិលហើយស្ពាយកាំភ្លើងAKមួយដើមមកជាមួយផង។ពេលមកដល់បានឈប់ម៉ូតូដកកាំភ្លើងអាកាមកភ្ជង់គាត់ តែភ្លាមៗនោះគាត់មិនខ្លាចក៏បានរត់ចូលទៅដណ្តើមកាំភ្លើងហើយយកទៅលាក់ទុកនៅក្រោមជណ្តើរ។បន្ទាប់មកគាត់ជ្រុលដៃវាយទៅលើមន្រី្តនគរបាលប៉ុស្តិ៍ផ្សារថ្មី៣បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុតែម្តង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មី៣វិញបាននិយាយថា សាក្សីនៅកន្លែងប្រាប់ថា ជនបង្កបានរករឿងហើយវាយដណ្តើមកាំភ្លើងAKពីជនរងគ្រោះបណ្តាលឱ្យដួលសន្លប់រងរបួសធ្ងន់ និងបានទាញកូនកាំបិតបម្រុងចាក់ជនរងគ្រោះឲ្យស្លាប់ទៀតផង ដូច្នេះហើយទើសមត្ថកិច្ចឃាត់ខ្លួនជនបង្កនិងវត្ថុតាងកូនកាំបិតមួយយកទៅសួរនាំនៅប៉ុស្តិ៍ផ្សារថ្មី៣និងចាត់ការទៅតាមច្បាប់៕ ប្រាថ្នា