ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងម្នាក់ឯងជែងរថយន្តផុតទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភក្តិ ជ្រុលដួលពីមុខរថយន្តកិនពីលើ ។ ក្រោយកើតហេតុ អ្នកបើកបរព្យាយាមបើករត់បានជិត៥០ម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះមានឈ្មោះនួន ឌីណា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO9765។ ចំណែករថយន្តបង្កម៉ាក(គា) ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 3A-1780 ប្រភេទរថយន្តទេសចរណ៍ អ្នកបើកបរមានឈ្មោះឈួន ថេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិស្វាយជ័យ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកបរចេញពីភ្នំពេញទៅខេត្តឡើងស្ពានជ្រោយ ក្នុងទិសដៅលិចទៅកើត ដឹកអ្នកដំណើរពេញរថយន្ត ខណៈមកដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនគួរសមជិះពីក្រោយរថយន្ត ទន្ទឹមនឹងម៉ូតូមិត្តភក្តិមួយគ្រឿងទៀត ហើយបានជែងខាងឆ្វេងរថយន្តផុតពីមុខរថយន្តរួចបានទាក់ដៃចង្កូតដួលទៅពីមុខរថយន្ត កិនទាំងម៉តូ ទាំងមនុស្សអូសជិត១០ម៉ត្រ ខ្ទាត់ទាំងម៉ូតូ ទាំងមនុស្សចេញមកខាងឆ្វេងដៃស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុរថយន្តព្យាយាមបើករត់បានជិត៥០ម៉ែត្រ ក៏ត្រូសមត្ថកិច្ចចាប់ឃាត់បានតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាក្រោយ។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ